ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌឬស្សីកែវ ឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវ ឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង ព្រមទាំងបានដកហូតថ្នាំញៀន ២កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន កាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះជួល ផ្លូវលំ ក្រុម១ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គង់ ម៉ាប់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុម១ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយមាត់ទន្លេសាប ក្នុងក្រុម១ ភូមិលូ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងបានដកហូតថ្នាំញៀន ២កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន ហើយសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើរួចមក ខ្លួនបានសារភាពថា ខ្លួនពិតជាបានជួញដូរ និងចែកចាយគ្រឿងញៀនពិតប្រាកដមែន ដោយរូបខ្លួនបានលក់ក្នុងមួយកញ្ចប់តម្លៃ ២៥០០០រៀលទៅ ៣៥០០០រៀល ដោយបានលក់ចំណេញក្នុងមួយកញ្ចប់តម្លៃ ៥០០០រៀល។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕


ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=ThisAvmx7N4&feature=youtu.be

មតិយោបល់