ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពួកគេជិះម៉ូតូលឿនជ្រុលបុកជាមួយរថយន្តហាយឡែនឌ័រ ដែលបត់មិនប្រយ័ត្ន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាស៧មករាខាងកើត តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះឈួនវិសាល ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរកាត់ដេរ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិធំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកអាយខុន ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AW-8036 ជិះគ្នា៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់មិនចាំស្លាកលេខ ធ្វើដំណើរចុះពីស្ពានអាកាស៧មករាក្នុងទិសដៅពីលិចទៅកើតហើយបានបត់ត្រឡប់ឆ្វេងដៃបម្រុងបត់ត្រឡប់ក្រោយវិញដោយមិនបានប្រុងប្រយ័ត្នក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល។ ភ្លាមៗនោះរថយន្តបានបើកគេចខ្លួនបាត់ស្រមោល។ ចំណែកអ្នករងរបួសត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងប្រគល់សពទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី។ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនយកឯកសារមកទទួលយកវិញ៕
មតិយោបល់