ព័ត៌មានជាតិ

លម្អិត! រឿងចាប់ជំរិត​​សិស្សសាលាវិទ្យាល័យឫស្សីកែវ ក្រោយឃាត់បាន​ជនសង្ស័យ..

ភ្នំពេញៈ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនាយកដ្ឋានសន្តិសុខក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យកម្រិតធ្ងន់ក្រុង អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងអធិការក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីចាប់ជំរិតទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់កើតឡើង កាលពី២ខែមុន ជនសង្ស័យបានសារភាពពីសកម្មភាពពីដើមរហូតដល់ចប់ ។

​ប្រតិបត្តិការណ៍ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៧នឹង១៥នាទី នៅចំណុចផ្ទះសំណាក់ដារ៉ាវង្ស ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ស្រេង បូរី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុនមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះ​អាយុ១៣ឆ្នាំ ជាសិស្សសាលាវិទ្យាល័យឫស្សីកែវ ថ្នាក់ទី៨ ស្នាក់នៅជាមួយម្តាយឈ្មោះ ឱក សុភី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៧អឹម ផ្លូវលំ ក្រុម៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន ទូរសព្ទ័ដៃចំនួន២គ្រឿង ម៉ាកអាយហ្វូន៧មួយគ្រឿងនិងអិនចុចពិលមួយគ្រឿង កាបូបខ្មៅមួយនិងកាតវីងមួយសន្លឹក​។

សមត្ថកិច្ចឱ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៧នឹង០០នាទី សិស្សឈ្មោះ ឈុន សុវណ្ណារ័ត្ន បានជិះរថយន្តក្រុងមករៀននៅសាលាវិទ្យាល័យឫស្សីកែវ ក៏បានបាត់ខ្លួនរហូតដល់ម៉ោង១២នឹង៤៧នាទី ក្នុងថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យម្នាក់ប្រើលេខទូរស័ព្ទ0968728255 តេមកប្រាប់ក្រុមគ្រួសារជនរងគ្រោះថា បើចង់ឱ្យកូនត្រលប់ទៅផ្ទះវិញផ្ញើលុយ២០០០ដុល្លារមកឱ្យខ្លួន បើមិនបានទេ ចាំមើលខ្លួននឹងសម្លាប់កូននោះបណ្តែតទឹក។ បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះ ក៏បានធ្វើការតថ្លៃគ្នាតាមលេខទូរស័ព្ទរហូតនៅសល់តែ៥០០ដុល្លារ លុះរហូតមកដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៦នឹង០០នាទី ជនរងគ្រោះបានផ្ញើលុយតាមវីងចំនួន៥០០ដុល្លារទៅឱ្យជនសង្ស័យ បានមួយសន្ទុះជនសង្ស័យបានទារប្រាក់២០០ដុល្លារបន្ថែមទៀត តែជនរងគ្រោះបានសុំឱ្យ៥០ដុល្លារ​។

ប្រភពបន្តថា បន្ទាប់មកជនសង្ស័យបានឱ្យជនរងគ្រោះផ្ញើ៥០ដុល្លារទៅឱ្យជនសង្ស័យបន្ថែមទៀត ក្រោយពីជនរងគ្រោះបានផ្ញើលុយទៅបាន៣០នាទី ក្រោយក៏ឃើញកូនរបស់ខ្លួនវិលមកផ្ទះវិញរួចក៏ដាក់ពាក្យបណ្តឹងនៅអធិការខណ្ឌឫស្សីកែវ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកម្តាយកុមាររងគ្រោះ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញអធិការដ្ឋានខណ្ឌឫស្សីកែវ ធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន ក៏សហការជាមួយសមត្ថកិច្ចនាយកដ្ឋានសន្តិសុខក្រសួងមហាផ្ទៃ ការិយាល័យកម្រិតធ្ងន់ក្រុង និងអធិការនគរបាលក្រុងកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩តែម្តង​។

នៅចំពោះសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនឈ្មោះ ស្រេង បុរី អាយុ​២៤​ឆ្នាំ ខ្លួនធ្លាប់ជាប់គុកជាង ១ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ )ហើយនៅឆ្នាំ ២០១៧ខ្លួនក៏បានបន្លំខ្លួនចេញពីគុក ព្រៃស ។

ដោយគ្មានលុយចាយក៏បែកគំនិត លួងលោមក្មេង ដើម្បីចាប់ជំរិតទារប្រាក់ ។

ជនសង្ស័យបានសារភាពទៀតថាកាលពីថ្ងៃទី ២០ខែវិច្ឆិកាឆ្នាំ ២០១៨ ខ្លួនបានទៅអង្គុយចាំរថយន្តក្រុងនៅមុខមជ្ឈមណ្ឌលម៉ុឌែន ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក៏ឃើញកុមាររងគ្រោះបានទៅអង្គុយជាមួយខ្លួនក៏ធ្វើការលួងលោមដោយយល់ថាកុមាររងគ្រោះស្លូតហើយក៏ហៅទៅដើរលេងកន្លែងស្ទូចត្រី​។ ពេលលួងលោមនាំកុមាររងគ្រោះបានហើយ ក៏ទៅផ្ទះសំណាក់មួយ នៅជិតស្ពានលីយ៉ុងផាត់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រួចហើយក៏ធ្វើការ ទូរសព្ទ័ទៅឪពុកម្តាយជនរងគ្រោះទារប្រាក់ចំនួន ២ពាន់ដុល្លារ ប៉ុន្តែក្រោយមកក៏តថ្លៃគ្នានៅសល់៥០០ដុល្លារ ដេកមួយយប់ ពេលឪពុកម្តាយជនរងគ្រោះវេលុយចំនួន ៥០០ ដុល្លារតាមវីង រួចហើយខ្លួនមិនទាន់ដោះលែងជនរងគ្រោះភ្លាមៗទេហើយខ្លួនក៏ទារលុយ ២០០​ដុល្លារទៀត បើមិនឲ្យខ្លួននឹងសម្លាប់ក្មេងនោះបណ្តែតទឹក ប៉ុន្តែក្រោយមកក៏តថ្លៃគ្នានៅសល់​៥០ដុល្លារ ក៏ព្រមទទួលយកលុយចំនួន​៥០ដុល្លារ បន្ថែមទៀតទើបដោះលែងក្មេងនោះ​។
ជនសង្ស័យបានសារភាពថាខ្លួនមិនបានធ្វើបាបជនរងគ្រោះទេ ហើយពីមុនក៏ខ្លួនមិនដែលប្រព្រឹត្តអំពើដូច្នេះដែរ​។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី​៕

មតិយោបល់