ភ្នំពេញៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូស្កុបភីមួយគ្រឿង ទៅបុកទ្វារផ្ទះរបស់ប្រជាពលរដ្ឋ បង្កជាអណ្តាតឆាបឆេះម៉ូតូ ផ្អើលដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកលង់លក់ កាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្រោយគ្លីនិក អរុណរះ ខាងមុខផ្ទះអត់លេខ ផ្លូវលំ ក្រុមទី១០ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ម៉ូតូបង្កម៉ាក ហុងដាស្កុបភី ស៊េរី០១២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GK-9440 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ វ័យប្រហែលជាង៣០ឆ្នាំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ សង្ស័យស្រវឹងបើកបរម៉ូតូខាងលើ តាមបណ្តោយផ្លូវលំ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ដោយផ្លូវមានទួលដែលគេដាក់ សម្រាប់ឲ្យអ្នកបើកបរបន្ថយល្បឿន ក៏រេចង្កូតទៅខាងឆ្វេងបុកទ្វារដែកផ្ទះខាងលើ បណ្តាលឲ្យដួលរងការខូចខាត និងឆាបឆេះជាអណ្ដាតភ្លើងតែម្តង។
ភ្លាមៗផងដែរ ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់អស់បីទៅបួនបំពង់ ក៏រន្លត់ជាស្ថាពរ ប៉ុន្តែម៉ូតូរងការឆេះរោលអស់ស្ទើពាក់កណ្តាលផ្នែកខាងក្រោយ ដោយឡែកអ្នកបើកបរម៉ូតូ បានគេចខ្លួនបាត់ស្រមោល។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន បានមកដល់ចំណុចកន្លែង រួចក៏បានឆែកឆេរម៉ូតូខាងលើ ប្រទះឃើញស្លាកលេខម៉ូតូចំនួនពីរសន្លឹក ទី១ ភ្នំពេញ1BP-1300 និងទី២ ភ្នំពេញ1AZ-9509 ដែលស្លាកលេខទាំងពីរសន្លឹកនោះ រកឃើញនៅក្នុងកែបម៉ូតូ ដែលឆាបឆេះខាងលើ។
បច្ចុប្បន្នម៉ូតូដែលឆាបឆេះខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីរងចាំម្ចាស់មកយកត្រលប់ទៅវិញ នៅពេលក្រោយ៕
មតិយោបល់