ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទរំលោភលើទំនុកចិត្ត

បាត់ដំបងៈ ​សមត្ថកិច្ច​ក្រុង​បាត់ដំបង​ ​ឃាត់ខ្លួន​ ជនសង្ស័យ​ស្រី/ប្រុស​២​នាក់ ​យោង​តាម​​​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ ​ចោទប្រកាន់​ពី​បទ​ រំលោភ​លើ​ទំនុក​ចិត្ត​ កាលពី​វេលា​ម៉ោង​៧​យប់ ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​។

យោង​តាម​ពាក្យ​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ យ៉ាន់ សុ​វិសាល ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​រស់នៅ​ភូមិ​កំពង់​ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​អះអាង​ថា ​កាលពី​ថ្ងៃទី​១៤ ឈ្មោះ យឹម សាវ​ន្ដ ភេទ​ប្រុស អាយុ​២៤ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង និង​នារី​ម្នាក់​ឈ្មោះ សា ហ​ន្ទី អាយុ​២០​ឆ្នាំ រស់នៅ ផ្ទះជួល ក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​មាន​មុខរបរ​ជា​នារី​ម៉ាស្សា យី​ហា ហេង​ហេង ស្ថិតនៅ​ក្រុម២១ ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួន​ម៉ាក YAMAHA.(FZ) ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ថា​ ទៅ​ទិញ​បាយ​និង​ម្ហូប ​ហើយ​មិន​ឃើញ​យក​ម៉ូតូ​មក​ឲ្យ​ខ្លួន​វិញ​ទេ ​ដោយ​ជិះ​ម៉ូតូ​គេច​បាត់​រហូត​ទៅ។

ដំបូង ​ដោយ​អាង​ថា ​ជា​មនុស្ស​ស្គាល់​គ្នា​ទើប​ខ្លួន​ចេះតែ​រង់ចាំ ប៉ុន្តែ​បែរជា​គេ​មិន​វិលត្រឡប់​មកវិញ​ទាល់តែសោះ ទើប​ធ្វើ​ឲ្យ​ខ្លួន​សម្រេចចិត្ត​ចូល​ទៅ​ដាក់ពាក្យ​ប្តឹង ​នៅ​អធិការដ្ឋាន​តែម្តង​ពី​បទ រំលោភ​លើ​ទំនុក​ចិត្ត ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

ក្រោយពី ​បាន​ទទួល​នូវ​ពាក្យ​បណ្តឹង​រួចមក កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ និង​៤០​នាទី រសៀល កម្លាំង​បាន​រក​ឃើញ​មុខសញ្ញា​ ដែល​គេ​ទាំងពីរ​នាក់​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ត្រង់​ចំណុច ភូមិ​សំរោង​អូ​ទ្រា ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្តង ដើម្បី​យក​មក​សាកសួរ។

បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង២នាក់ ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ៕

មតិយោបល់