ភ្នំពេញៈ យោងតាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា សំណុំរឿង មេកន្ទុយលេខ ៣នាក់ មាន ម្តាយ ឪពុក និងកូន ដែលអាជ្ញាធរខណ្ឌមានជ័យ ឃាត់ខ្លួន ជាលើកទី២ កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ត្រូវបាន តុលាការសម្រេចឃុំខ្លួនតែម្នាក់ប៉ុណ្ណោះ។
ជនត្រូវចោទដែលលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន មានឈ្មោះ មួយ ហៀង ភេទស្រី អាយុ ៣៥ឆ្នាំ ជាម្តាយ។
ចំណែក ជនសង្ស័យឈ្មោះ ញឹម កុសល ភេទប្រុស អាយុ ៤៥ឆ្នាំ ជាឪពុក ត្រូវបាន លោកស្រី កែវ សុគន្ធា ជាតំណាងអយ្យការ សម្រេចដោះលែងឲ្យមានសេរីភាពវិញ។
ដោយឡែក ជនសង្ស័យឈ្មោះ ណយ ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ ជាកូនប្រុស ត្រូវបានអាជ្ញាធរខណ្ឌមានជ័យដោះលែងភ្លាមៗក្រោយឃាត់ខ្លួន។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ជាអភិបាលរងខណ្ឌ បានចុះបង្ក្រាបផ្ទះបើកល្បែងឆ្នោតវៀតណាម មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវប៉េតុង ចំណុចផ្សារក្រមួន ក្នុងភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាលើកទី២ និងឃាត់បានជនសង្ស័យ ៣នាក់ ដូចមានឈ្មោះខាងលើ។
នៅពេលចុះបង្ក្រាប អាជ្ញាធរដកហូតបាន៖
-លុយដុល្លារ ៣៧៥ដុល្លារ
-លុយខ្មែរ ៥,០៧០,០០០ រៀល
-តុ១
-កៅអី ២
-និងក្រដាសកត់ ឆ្នោតតវៀតណាមមួយចំនួនទៀត។
គួររំលឹកថា ជនសង្ស័យឈ្មោះ ញឹម កុសល ជាប្តី និងឈ្មោះ មួយ ហៀង ជាប្រពន្ធ ធ្លាប់ ត្រូវបានសមត្ថកិចឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ម្តងរួចហើយ។
ប៉ុន្តែនៅពេលសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ លោកព្រះរាជអាជ្ញារង ចែ សុង បានដោះលែងស្ត្រីសង្ស័យជាប្រពន្ធ ឈ្មោះ មួយ ហៀង ឲ្យមានសេរីភាពវិញ ដោយចោទប្រកាន់ តែជនសង្ស័យជាប្តី ឈ្មោះ ញឹម កុសល បញ្ជូនឲ្យចៅក្រមស៊ើបសួរ ចេញដីកាឃុំខ្លួន បានមួយរយៈ ក៏ស្រាប់តែ បែកធ្លាយរឿងចុះចាប់នម្តងទៀត មុខសញ្ញា និងមុខរបរដដែល នេះបញ្ជាក់ថា ការអនុវត្តច្បាប់ មិនបានឲ្យក្រុមគ្រួសារ មេឆ្នោតដុះស្លែ មួយនេះរៀងចាលនោះទេ៕
មតិយោបល់