កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តស៊ាំយ៉ុងមួយគ្រឿង បើកបរដោយបុរសម្នាក់ ស្រវឹងស្រា បានជាមួយម៉ូតូសង់សេ១២៥ ជ្រុលទៅបុកនឹងរថយន្តតូយ៉ូតា ហ៊ីឡាក់វីហ្គូ មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៣ រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦១ ភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក ស៊ាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AE-4752 បើកបរដោយឈ្មោះ ងឹន ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម បើកបរក្នុងស្ថានភាពស្រវឹងពីកើតទៅលិច ដល់ចំណុចកើតហេតុខាងលើ ក៏បានប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GF-2379 បើកបរដោយឈ្មោះ ហួត សំអុល ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិស្អាង ឃុំត្រពាងគង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឌុបប្រពន្ធឈ្មោះ សុខ ហ័ន អាយុ៣០ឆ្នាំ ក្នុងទិសដៅពីកើតទៅលិច ហើយរថយន្តបង្កខាងលើព្យាយាមបើករត់គេចពីកន្លែងកើតហេតុប្រហែល៣គីឡូម៉ែត្រ ទើបជ្រុលទៅបុកពីរក្រោយរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតា ហ៊ីឡាក់វីហ្គូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-7358 ស្នាក់នៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ដែលបើកបរមានទិសដៅពីជើងទៅត្បូង បណ្តាលឲ្យរងការខូចខាត១តង់បន្ថែមទៀតទើបទៅមុខលែងរួចតែម្តង។
បច្ចុប្បន្នកម្លាំងជំនាញបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕
មតិយោបល់