ព្រះសីហនុៈ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ នគរបាលស្រុកព្រៃនប់ បានបង្ក្រាបបទល្មើសគ្រឿងញៀន មួយករណីនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លាង ចាន់រតនា (ហៅ គាសេង) ភេទប្រុស អាយុ២១ឆ្នាំ ជាកូនអ្នកលក់ជ្រូកខ្វៃនៅវាលរេញ ចាប់បានថ្នាំញៀនចំនួន២កញ្ចប់ ម៉ូតូ១គ្រឿងនិង លុយចំនួន៤៩.០០០រៀល បួនម៉ឺនប្រាំបួនពាន់រៀលគត់។
ប៉ុន្តែរឿងនេះត្រូវបានគេថត ឃ្លិបវីដេអូ បង្ហោះព្រោងព្រាតធ្វើឲ្យមហាជនមានការយល់ច្រឡំ ទៅលើសមត្ថកិច្ច ដែលខិតខំប្រឹងប្រែងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជាអ្នកអនុវត្តច្បាប់ទៅវិញ។
លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាតស្នងការរងទទួលផែន ប្រឆាំងបទល្មើស បានឲ្យដឹងថា ឈ្មោះ គា សេង ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផង និងលក់ចែកចាយថ្នាំញៀន ដោយលួចលាក់ផងដែរ ដំបូងយើងប្រើវិធានផ្សេងៗ ដើម្បីឲ្យមុខសញ្ញាបញ្ចេញថ្នាំញៀនចំនួន១កញ្ចប់ បន្ទាប់ពីមានភស្តុតាងគ្រប់គ្រាន់ហើយ យើងបានចាប់ឆែកឆេរ បានរកឃើញ១កញ្ចប់ទៀត។ លុះពេលចាប់ដាក់លើម៉ូតូបម្រុងនាំខ្លួន មកកាន់អធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ស្រាប់តែឈ្មោះសេង គា លោតចុះរត់ គេចខ្លួន ពេលនោះសមត្ថកិច្ចយើងបានចាត់វិធានការ ការពារសន្តិសុខ ដោយចាប់ដាក់ខ្នោះដៃទៅក្រោយ។ ពេលជាមួយគ្នានោះក្រុមគ្រួសារសាច់ញាតិរបស់ជនសង្ស័យបាននាំគ្នាមកទាំងហ្វូង ចោមរោមសម្លត់ សមត្ថកិច្ចឲ្យដោះលែងកូនរបស់គាត់ជាបន្ទាន់។
លោកវរសេនីយ៍ត្រី ឈុន រតនៈ អធិការរងនគរបាលស្រុកព្រៃនប់ បានបញ្ជាក់ថា៖ ផ្ទះអ្នកកាប់ជ្រូកនោះមានមនុស្សច្រើនណាស់ គ្រាន់តែកូនប្រុសៗមាន៧នាក់ ឈ្មោះគា សេង ពេលឃើញបងប្អូនមកជួយ ក៏ចាប់ផ្តើមរើបម្រាស់ កាន់តែខ្លាំង រហូតប៉ះទង្គិចគ្នា ប៉ុន្តែ មិនមានសមត្ថកិច្ចណាវាយដំគាត់ឡើយ។ សមាជិកក្រុមគ្រួសារអ្នកលក់ជ្រូកខ្វៃនោះ បានត្មះតិះដៀលសមត្ថកិច្ចយើងយ៉ាងខ្លាំង ទម្រាំយើងយកមុខសញ្ញានេះមកបានដល់អធិការដ្ឋាននគរបាលស្រុកព្រៃនប់។
លុះពេលសមត្ថកិច្ចសួរនាំអំពីការប្រើប្រាស់និងចែកចាយ ថ្នាំញៀននៅចំពោះមុខម្តាយ ទើបម្តាយរបស់ជនសង្ស័យស្ងាត់មាត់ ឈប់តវ៉ា ដោយសុំចរចា យកកូនទៅអប់រំវិញ ប៉ុន្តែសមត្ថកិច្ច មិនអនុញ្ញាតឲ្យឡើយ ដោយបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តដើម្បី ចាត់ការបន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនទិញយកមកលក់បន្ត បន្តិចបន្តួច គ្រាន់តែបានចំណេញសល់ខ្លះទុកប្រើប្រាស់ខ្លួនឯង៕
មតិយោបល់