ភ្នំពេញៈ បុរស២នាក់ចូលផឹកស៊ីហើយអត់មានលុយឲ្យអ្នកលក់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឆែកឆែររកឃើញដាវកែច្នៃយកទៅលាក់ទុកនៅក្រោមតុផឹកស៊ីទៀត។
ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើទី១មាន ឈ្មោះ ព្រុំ ម៉ារុំ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរផ្សារដែក ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកស្វាយរៀង ខេត្តស្វាយរៀង ។ ជនសង្ស័យទី២មានឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីនារីម្នាក់ដែលលក់ដូរនៅតាមចិញ្ចើមផ្លូវកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញជនសង្ស័យម្នាក់ដើរ ហើយម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកToday ពណ៌ទឹកសមុទ្រ ជិះមកដល់កន្លែងតុដែលគាត់លក់ដូរបានយកដាវរុំនឹងក្រណាត់យកទៅដាក់ក្រោមតុ ហើយហៅស្រាផឹកជាមួយជនសង្ស័យម្នាក់ទៀត ខណៈដែលអង្គុយផឹកស៊ីភ្លាមៗរូបនាងមិនបានចាប់អារម្មណ៍ថា ដាវទេ ទាល់តែសមត្ថកិច្ចមកដល់ទើបភ្ញាក់ផ្អើល ។
សមត្ថកិច្ចបានបន្តទៀតថា ខណៈដែលកម្លាំងសមត្ថកិច្ចទៅដល់ហើយបានរកឃើញដាវចំនួន២ដើម នៅក្រោមតុបានសួរនាំជនសង្ស័យទាំង២នាក់ខាងលើ ដោយមិនបានសារភាពថា ដាវខាងលើជារបស់ខ្លួនឡើយ តែសមត្ថកិច្ចបានប្រាប់ឲ្យអ្នកលក់គិតលុយថ្លៃផឹកស៊ីអស់ចំនួន១៥០០០រៀល តែជនសង្ស័យទាំង២នាក់មានលុយតែ៤០០០រៀលប៉ុណ្ណោះ នៅខ្វះ១១០០០រៀលទៀត ។
ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានឃាត់ខ្លួន ដើម្បីសាកសួរបន្តនឹងចាត់ការតាមនីតិវិធី ៕
មតិយោបល់