ព័ត៌មានជាតិ

ជនជាតិចិន! ស្រវឹងស្រាបើករថយន្តស៊េរីទំនើប បុករះរថយន្ត២គ្រឿងក្នុងនោះមាន១គ្រឿងជារថយន្តស្រាបៀរថៃហ្គ័រ

ភ្នំពេញៈ បុរសជនជាតិចិន៣ទៅ៤នាក់ រួមដំណើរនិងស្ត្រីខ្មែរម្នាក់ទៀត ស្រវឹងធ្លាក់ភ្នែក បើករថយន្តម៉ាកសឺដេសស៊េរីទំនើបមួយគ្រឿង រេចង្កូតទៅបុករះរថយន្ត២គ្រឿងទៀតចតស្ងៀមមុខហាងបណ្តាលឲ្យរងកាតខូចខាតទាំងសងខាងយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ ហាងពិភពសាច់អាំង១ តាមបណ្តោយផ្លូវ៥៩០ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន៣ទៅ៤នាក់រួមដំណើរជាមួយនិងស្រ្តីខ្មែរម្នាក់ទៀត ស្រវឹងស្រាជោកជាំបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកសឺដេសML 500 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-2182 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងបានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករថយន្ត១គ្រឿងម៉ាកតូយ៉ូតាថៃហ្គ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-0314 ម្ចាស់ចតស្ងៀមបញ្ចា្រសទិសដៅគ្នាពីលិចទៅកើត បណ្តាលឲ្យបែកស្តុបខាងក្រោយផ្នែកខាងស្តាំម្ខាង និងបាក់កាងហើយរថយន្តបង្កបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុករថយន្តអូឌីមួយទៀតគ្រឿងចតស្ងៀមស្របទិសដៅគ្នាពីកើតទៅលិច មិនស្លាកលេខ។ ភ្លាមៗនោះខាងម្ចាស់រថយន្តអូឌីឃើញហេតុការណ៍នេះបាននាំគ្នាចេញពីក្នុងហាងបានឃាត់រថយន្តបង្កបានភ្លាមៗ ដោយខាងភាគីម្ចាស់រថយន្តបង្កបានចេញមកសម្របសម្រួលខាងម្ចាស់រថយន្តអូឌីដោយចេញសំណងចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿង។ ក្រោយពីចេញសំណងរួចខាងរថយន្តអូឌីបានបើករថយន្តចេញពីកន្លែងកើតហេតុទៅបាត់។ ចំណែកខាងម្ចាស់រថយន្តបង្កនិងអ្នក រួមដំណើរខ្លះទៀតបានគេចចេញពីកន្លែងហេតុអស់ បន្សល់ទុកបុរសជនជាតិចិនម្នាក់ដេកលក់ក្នុងរថយន្តធ្វើព្រងើយដោយមិនមានការសម្របសម្រួលជាមួយម្ចាស់រថយន្តតូយ៉ូតាថៃហ្គ័ទើបម្ចាស់រថយន្តបានទំនាក់ទំនងទៅសមត្ថកិច្ចចុះជួយអន្តរាគមន៍។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់និងមានខាងម្ចាស់ហាងកើតហេតុខាងលើចេញមកធានាខុសត្រូវនិងបានចេញសំណងឲ្យខាងម្ចាស់រថយន្តថៃហ្គ័រចំនួន២០០ដុល្លារដើម្បីចញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់