ភ្នំពេញៈ បុរសម្នាក់ជាសន្តិសុខយាមម៉ូតូនៅហាងម្ហូបស្រស់លើភ្នំ បានលួចម៉ូតូរបស់ភ្ញៀវ ដែលផ្ញើរហើយភ្លេចដកសោរ យកជិះចេញទៅបាត់ ហើយត្រូវបានគេឆែកមើលឃើញពីសកម្មភាពលួចម៉ូតូតាមរយៈខ្សែអាត់វីដេអូ ក្នុងកាមេរ៉ាសុវត្តិភាព ដែលបំពាក់នៅក្នុងមុខហាង បន្ទាប់ពីភ្ញៀវបានឆោឡោពីការបាត់ម៉ូតូ ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅកន្លែងផ្ញើរម៉ូតូមុខហាងផឹកស៊ីយីហោ «ហាងម្ហូបស្រស់លើភ្នំ» ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជិតស្តុប NOKIA)។
ម្ចាស់ម៉ូតូដែលសន្តិសុខលួចយកទៅនោះឈ្មោះ ងួន រដ្ឋា អាយុ២១ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនឯកជន ស្នាក់នៅម្ដុំអូរបាយក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យដែលសន្តិសុខនោះឈ្មោះ អូន នាង អាយុប្រហែល២៧ឆ្នាំ ស្នាក់នៅហាងកើតហេតុខាងលើ។
ប្រភពព័ត៌មានពីម្ចាស់ហាងបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានចូលមកជួបជុំមិត្តភក្តិផឹកស៊ីក្នុងហាង «ហាងម្ហូបស្រស់លើភ្នំ» ដោយបានយកម៉ូតូរបស់ខ្លួន ដែលទើបនឹងទិញ ម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GW-2968 ទៅផ្ញើរនៅកន្លែងផ្ញើរម៉ូតូមុខហាងខាងលើនោះ បន្ទាប់មកបុរសរងគ្រោះក៏បានចូលទៅអង្គុយជួបជុំមិត្តភក្តិក្នុងហាង រហូតដល់ម៉ោងជិត១១យប់ ទើបនាំគ្នាគិតលុយចេញមកវិញ ហើយគាត់ក៏បានដើរមកយកម៉ូតូ ដែលផ្ញើរនោះ ទើបដឹងថាបាត់ម៉ូតូបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលថាមានភ្ញៀវបាត់ម៉ូតូពេលនោះ បុរសដែលជាម្ចាស់ហាងកើតហេតុ បានបើកមើលក្នុងកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅខាងមុខហាង ពេលនោះក៏បានឃើញពីសកម្មភាពរបស់សន្តិសុខដែលទើបចូលធ្វើការបានជិត៣ខែ ដែលយាមម៉ូតូនោះ បានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកឌ្រីមរបស់បុរសរងគ្រោះ ។ ដោយពីដំបូងឡើយម៉ូតូឌ្រីម របស់បុរសរងគ្រោះដែលយកទៅផ្ញើរនោះបានភ្លេចកូនសោជាប់នឹងម៉ូតូ ឃើញដូចនោះសន្តិសុខដែលជាជនសង្ស័យ បានដើរទៅដកសោទុក ហើយពេលមានឱកាសល្អ ក៏យកសោចាក់.កម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុម្ចាស់ហាងទាំងប្រុសស្រីបាននាំបុរសរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដីហ៊ុយ ហើយក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ៕
មតិយោបល់