ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងថ្នាំញៀនប្រភេទយ៉ាម៉ា៥០គ្រាប់

ភ្នំពេញ: ជនសង្ស័យ​ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌបានធ្វើការឃាត់ខ្លួន​ កាលពីវេលាម៉ោង​២និង១០នាទីរំលងអាធ្រាត្រ ឈាន​ចូល​ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដែលស្ថិតនៅចំណុចផ្លូវលេខ៩៣កែផ្លូវលេខ៦២ ក្រុមទី១៨ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​។

ជនសង្ស័យមានឈ្មោះ​ លឹម​ យ៉ាងនៀរ ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ​ ជនជាតិ​ វៀតណាម​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅបន្ទប់ជួលលេខ១២​ ផ្លូវរថភ្លើង​ ក្រុមទី៨​ ភូមិបឹងសាឡា​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​។

លោក​ ណាយ​ ច័ន្ទណារ័ត្ន​ មន្ត្រីព្រហ្មទណ្ឌខណ្ឌឫស្សីកែវ​ បានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ កម្លាំងសម្ថកិច្ចប៉ុស្តិ៍ទួលសង្កែសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ​ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន​ ដើម្បីការពារសន្តិសុខ​សុវត្ថិភាព​ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ក៏ដូចជាទប់ស្កាត់នៅបទល្មើស​ ឆក់​ ប្លន់​ លួច​ គាស់ផ្ទះ​ និងគ្រឿងញៀន​ ។ ពេលនោះ​ ស្រាប់តែបានប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ HONDA Sopcopy Miniy ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1G-3501 ដោយមានការសង្ស័យ​ ទើបកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់​ និងឆែកឆេររកឃើញនៅថ្នាំញៀនប្រភេទ​ យ៉ាម៉ា​ ៥០គ្រាប់​ សមត្ថកិច្ចយើងបានយកមកប៉ុស្តិ៍ទួលសង្កែ​ ដើម្បីធ្វើការសាកសួរ​។

បច្ចុប្បន្ន ជនសង្ស័យខាងលើ​ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោអាសន្ន​នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ ចាត់ការតាមនីតិវិធី​៕

មតិយោបល់