ភ្នំពេញៈ ជនជាតិកូរ៉េប្រុសស្រី៤នាក់ បើករថយន្តឡិចស៊ីស RX300 មួយគ្រឿងមិនគោរពភ្លើងស្តុបត្រូវបានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកស្លាកក្រុមហ៊ុនMetfone បើកដោយបុរស៣នាក់ បុកចំពាក់កណ្តាលពេញទំហឹងបណ្តាលរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចប៉ុស្តិ៍២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវឧកញ្ញាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនជាតិកូរ៉េ ប្រុសស្រី៤នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-7773 ធ្វើដំណើរតាមបណ្តោយផ្លូវសម្តេចជាស៊ីម ទិសដៅពីលិចទៅកើតបើកឆ្លងកាត់បណ្តោយផ្លូវភ្នំពេញហាណូយ ឆ្ពោះទៅផ្លូវឧកញ្ញាម៉ុងរិទ្ធីដោយមិនគោរពភ្លើងស្តុប ដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកស្លាកក្រុមហ៊ុនMetfone ពាក់ស្លាកលេខ ភ្នំពេញ 2AM-4290 បើកបរដោយបុរសម្នាក់និងរួមដំណើរនិងបុរស២នាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តឡិចស៊ីសចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីសកំពិតទ្វារទាំង២ផ្នែកខាងស្តាំយ៉ាងដំណំ។ ចំណែករថយន្តហ៊ីយ៉ាន់ដាយខូចខាតផ្នែកខាងមុខតិចតួច តែមិនបង្កឲ្យមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីបង្កបានតម្កល់លុយទុកចំនួន៥០០ដុល្លារទុកឲ្យខាងភាគីរងគ្រោះទុកជួលជុលរថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់