ព័ត៌មានជាតិ

រថយន្តរីវ៉ូ សាកកម្លាំងជាមួយក្បាលព្រួញចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង

ភ្នំពេញ: បុរសម្នាក់ទំនងស្រវឹងស្រា បើកបររថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន រួចក៏ចង្កូតទៅបុកក្បាលព្រួញចែកទ្រូងផ្លូវបាក់វៀចអស់មួយកង់។ ចំណែកឯរថយន្តក្រឡាប់ផ្ងារជើងទៅមុខលែងរួច។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យព្រះកុសុម:ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ​ គេឃើញបុរសម្នាក់បើកបររថយន្តសេរីទំនើបមួយគ្រឿងម៉ាក តូយូតារីវ៉ូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-0581 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្និងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុរថយន្តបង្កខាងលើស្រាប់រេចង្កូតទៅខាងឆ្វេងទៅបុកក្បាលព្រួញចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យក្បាលព្រួញចែកទ្រូងផ្លូវបាក់វៀចអស់មួយកង់។ ចំណែកឯរថយន្តបង្កបានក្រឡាប់ផ្ងារជើងទៅមុខលែងរួចជាប់អ្នកបើកបរនៅក្នុងរថយន្ត។ ភ្លាមៗនោះក៏មានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបាននាំគ្នាវាយបំបែកកញ្ចក់រថយន្តដើម្បីយកអ្នកបើកបរចេញមកខាងក្រៅ បន្ទាប់មកអ្នកបើករថយន្តបង្កត្រូវបានបក្សពួកនាំខ្លួនគេចចេញពីកន្លែងកើតហេតុបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរងចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់