ភ្នំពេញៈ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបាន បន្ទាប់ពីមានជនសង្ស័យ២នាក់នាំគ្នាទៅរកទិញគ្រឿងញៀនជក់ មិនទាន់បានជក់មួយខ្សឺតផង កម្លាំងនគរបាលល្បាតប្រទះជួប ចាប់ឃាត់បានទាំងអ្នកលក់ម្នាក់ទៀត សរុប៣នាក់ រួមជាមួយថ្នាំញៀន១២កញ្ចប់តូច កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ ក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទាំង៣នាក់ ឃាត់ខ្លួនបាន ទី១ ឈ្មោះ ជីននឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ លក់ថ្នាំញៀន ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើត ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាម្ចាស់ថ្នាំញៀន១២កញ្ចប់ ។ ទី២ ឈ្មោះ វល្លិ ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិព្រៃពពេល ឃុំព្រៃពួច ស្រុក អង្គស្នួល ខេត្តកណ្តាល ជាអ្នកទៅរកជក់គ្រឿងញៀន ។ ទី៣ ឈ្មោះ ស៊ឹម សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិព្រៃពពេល ឃុំព្រៃពួច ស្រុកអង្គស្នួល ជាអ្នកទៅរកជក់គ្រឿងញៀន ។
តាមសម្តីជនសង្ស័យ ឈ្មោះ វល្លិ ភារម្យ និងឈ្មោះ ស៊ឹម សុភ័ក្រ បានឲ្យដឹងថា មុនកើតហេតុ ពួកគេទាំង២នាក់ នាំគ្នា មកចំណុចខាងលើ ដើម្បីរកទិញថ្នាំញៀនជក់ ព្រោះកន្លងមក ឲ្យតែពួកគេចង់ជក់គ្រឿងញៀន តែងតែមកចំណុចភូមិថ្មគោល ខាងលើ ជក់ហើយបានទៅធ្វើការងារវិញ តែនៅព្រឹកថ្ងៃទី៩ នេះ ទើបមកដល់ មិនទាន់បានជក់មួយខ្សឺតផង ប៉ូលិសមកទាន់ ចាប់ឃាត់ខ្លួនបានតែម្តង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីចាប់ខ្លួនជនសង្ស័យ២នាក់ខាងលើបាន ឈានដល់ចាប់ខ្លួនជនសង្ស័យម្នាក់ទៀត មានមុខរបរជាអ្នកលក់ថ្នាំញៀន ដកហូតបានថ្នាំញៀនចំនួន១២កញ្ចប់តូច ។
ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ៣នាក់ អ្នកជក់និងអ្នកលក់ នាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញធអិការដ្ឋានខណ្ឌ ៕
មតិយោបល់