ព័ត៌មានជាតិ

ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច ព្រោះតែទូរស័ព្ទដៃ១គ្រឿង

​ភ្នំពេញៈ ម៉ូតូណៃហកមួយគ្រឿងត្រូវបានកម្លាំងនគរបាលមូលដ្ឋានប៉ុស្តិ៍ស្រះចកយករក្សាទុក បន្ទាប់ពីមានជនសង្ស័យម្នាក់បានជិះម៉ូតូមកប្រើល្បិចសុំផ្ទះគេចូលបន្ទប់ទឹក ពេលឃើញគេទុកទូរស័ព្ទសេរីទំនើបប្រុងលួច ខណៈ​នោះគេឃើញទាន់ស្រែកថា ចោរៗភ័យពេកក៏រត់យកតែរួចខ្លួនចោលម៉ូតូរបស់ខ្លួនតែម្តង។

​ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ០១ផ្លូវលេខ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង០៧ព្រឹកគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកណៃហក ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខកណ្តាល១O ៤២ ៧៦ បានមកឈប់នៅចំណុចផ្ទះកើតហេតុជាកន្លែងជួសជុលរថយន្តដោយបុរសរូបនោះប្រាប់គេថាសុំចូលបន្ទប់ទឹក ដើម្បីនោមមួយភ្លេតលុះពេលចេញពីបន្ទប់ទឹកវិញ ដោយឃើញគេទុកទូរស័ព្ទសេរីទំនើបមួយគ្រឿងនៅលើកកៅអីជ័រ ក៏បុរសរូបនោះ បានលូកយកប្រុងដាក់ហោប៉ៅពេលនោះ ត្រូវបានគេឃើញទាន់ស្រែកឆោឡោថា ចោរៗ ធ្វើឲ្យបុរសរូបនោះភ័យស្លន់ស្លោក៏រត់ចោលម៉ូតូរបស់ខ្លួនតែម្តង។

​​ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់មានហេតុការណ៍ដូច្នេះកើតឡើងរួចមក អ្នកនៅកន្លែងកើតហេតុនោះដែរ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទទួលយកម៉ូតូណៃហកមួយគ្រឿងនោះ មករក្សាទុកនៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីស្រាវជ្រាវបន្តទៀត៕

មតិយោបល់