ព័ត៌មានជាតិ

២នាក់បងប្អូនសហការគ្នាលួចម៉ូតូ ត្រូវសមត្ថកិច្ចបង្ក្រាបបាន!

ត្បូងឃ្មុំ: នៅថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអាជី បានចុះបង្ក្រាបករណីលួចម៉ូតូ នៅចំណុចមាត់ព្រែកឆុង ខាងក្រោយភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ២នាក់ គឺទី១ឈ្មោះ ចិន ណាង ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិពាមក្នុង ឃុំពាមជំលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ និងទី២ឈ្មោះ ចិន ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិបឹងកំបោ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទាំង២នាក់ត្រូវជាបងប្អូនបង្កើតនិងគ្នា។
វត្ថុតាងរកឃើញរួមមាន ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ (គ្មានស្លាកលេខ)ដែលជនសង្ស័យបានលួច។

ករណីខាងលើសមត្ថកិច្ចបានឃាត់ខ្លួនសង្ស័យ បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមច្បាប់ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញ៕

មតិយោបល់