ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ ប៉ះជាមួយម៉ូតូ រហូតដោះស្រាយគ្នាមិនចេញ រហូតកើតមានជម្លោះតឹងសរសៃកដាក់គ្នា រវាងភាគីទាំងសងខាង បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខខុនដូរព្រីនផ្លាហ្សា តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ Post Newsថា នៅពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ពាក់ស្លាកលេខ ត្បូងឃ្មុំ 1E-2560 បើកបរក្នុងល្បឿនធម្មតា ទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវព្រះនរោត្តម លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានចាប់ហ្វ្រាំងបន្ថយលឿនព្រោះមានរថយន្តប្រមូលសំរាមមួយគ្រឿងទៀតនៅពីមុខ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-0934 បើកមកពីក្រោយបុកប៉ះម៉ូតូនោះ បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូរបួសអូសជិត១០ម៉ែត្រ ភ្លាមៗនោះរថយន្តបង្កក៏ត្រូវបានអ្នកឃើញហេតុការណ៍ផ្ទាល់ឃាត់បានភ្លាមៗនៅកន្លែងកើតហេតុដែរ ។
សាក្សីខាងលើបានបន្ថែមទៀតថា ក្រោយមកក៏មានបុរសម្នាក់មានទាំងវិទ្យុទាក់ជាប់ខ្លួនដែលជាតំណាងរថយន្តកុងតឺន័រ មកដោះស្រាយ ដោយចេញសំណង៥០ដុល្លារ ដើម្បីបញ្ចប់រឿង តែភាគីខាងម៉ូតូមិនព្រម ទាមទារ១០០ដុល្លារ ដើម្បីជួសជុលម៉ូតូ និងលាងរបួស ស្រាប់តែបុរសដែលជាតំណាងនោះប្រើសម្តីមិនសមរម្យនិងសំឡុត ប្រជាពលរដ្ឋនិងសមត្ថកិច្ចទៀតផង តែពេលក្រុមអ្នកសារព័ត៌មានយើងទៅសាកសួរគាត់ តែប្រកែកថាគាត់មិនបាននិយាយទេ ទើបប្រជាពលរដ្ឋនាំគ្នាស្រែកដាក់បុរសដែលជាតំណាងនោះ រហូតកើតមានជម្លោះពាក្យសម្តីគ្នា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះសម្របសម្រួលដើម្បីកុំអោយមានជម្លោះបន្តទៀត ។ ចំណែកជនរងគ្រោះក៏បានឡើងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនហុងហាក់ ដើម្បីទៅលាងរបួស។
បច្ចុប្បន្នរថយន្តបង្កហេតុនិងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង រួចទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់