ព័ត៌មានជាតិ

ជនសង្ស័យអស់លក្ខណ៍ ៤នាក់ ជាប់អន្ទាក់សមត្ថកិច្ច ក្រោយរកស៊ីរបរខុសច្បាប់

កណ្តាល: កម្លាំងអាវុធហត្ថស្រុកស្អាង ចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតបានថ្នាំញៀន ១៧កញ្ចប់ធំតូច។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃ អាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ៤ និង១៥នាទីរសៀលនៅចំណុចភូមិ ព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យទាំង ៤នាក់៖ ទី១-ឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរពុំពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ទី២- ឈ្មោះ ឡុង គីមជី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានទីលំនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ទី៣- ឈ្មោះ សុបិន្ត រតនា ហៅ ឌឹក ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅ ភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល និង៤-ឈ្មោះ ព្រីង ភឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ ភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀនចំនួន ១៧កញ្ចប់(តូច ១៥កញ្ចប់ ធំ ០២កញ្ចប់) ទូរសព្ទ័ ២គ្រឿង កាំភ្លើងកែឆ្នៃចំនួន១ដើម ម៉ូតូចំនួន ១គ្រឿង ប្រដាប់វេចខ្ចប់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងខាងលើ ក្រោយពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុ ភ្លាមនោះកម្លាំង អាវុធហត្ថស្រុកស្អាង បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ បានរកឃើញម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៣កញ្ចប់តូច នៅនឹងខ្លួនឈ្មោះ ស្រេង សំណាង ដោយបានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងការអនុញ្ញាតពីលោក ឧត្តមសេនីយ៍មេបញ្ជាការ អាវុធហត្ថខេត្តកណ្តាល លោកវរសេនីយ៍ត្រី អ៊ូ ផល្លី បានដឹកនាំកម្លាំង ចុះឆែកឆេរផ្ទះ ឈ្មោះស្រេងសំណាង រកឃើញថ្នាំញៀនចំនួន ១២កញ្ចប់តូច នៅក្នុងថូផ្កា និងប្រដាប់ប្រើប្រាស់វេចខ្ចប់មួយចំនួន។

តាមការបំភ្លឺរបស់ឈ្មោះ ស្រេង សំណាង ថា ខ្លួនពិតជាបានយកថ្នាំញៀនពីឈ្មោះ ឡុង គីមជី លុះវេលាម៉ោង ៦ និង៣០នាទីរសៀល កម្លាំងអាវុធហត្ថស្រុក បានឃាត់ខ្លួនឈ្មោះ ឡុង គីមជី មកសាកសួរនៅមូលដ្ឋានអាវុធហត្ថស្រុក ឈ្មោះឡុង គីមជី បានសារភាពថា បានយកគ្រឿងញៀនពី ឈ្មោះ សុបិន្ត រតនា ហៅ (ឌឹក)មួយកញ្ចប់ធំតំលៃ ២៥០ដុល្លារ ដើម្បីយកមករំលែកលក់បន្ត។

លុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨នាទី កម្លាំងបានចុះឃាត់ឈ្មោះ សុបិន្ត រតនាហៅ (ឌឹក) និងឈ្មោះ ព្រីង ភឿន នៅចំណុចកំការស្វាយ ស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ដោយមានការចូលរួមជាមួយលោកមេភូមិ បានធ្វើការឆែកឆេររកឃើញមានគ្រឿងញៀន ០២កញ្ចប់ធំ ប្រដាប់ប្រើប្រាស់វេចខ្ចប់ និងកាំភ្លើងកែឆ្នៃចំនួន១ដើម។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំមកមូលដ្ឋានអាវុធហត្ថស្រុក ដើម្បីចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់