ភ្នំពេញៈ សមត្ថកិច្ចចម្រុះខណ្ឌទួលគោក បង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់និងកន្ទុយលេខ) ឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង៤និង១០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំ ដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក និងដោយមានការអនុញ្ញាតដោយផ្ទាល់មាត់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួម លោកក្រឡាបញ្ជី អោ នី នៃសាលាដំបូងរាជធានីភ្នំពេញ ក្រុមប្រតិបត្តិការបានដឹកនាំបង្រ្កាបជាក់ស្ដែងករណីបើកលេងល្បែងស៊ីសងខុសច្បាប់ ( ភ្នាល់បាល់ឆ្នោតកន្ទុយលេខ ឆ្នោតវៀតណាម) នៅចំណុចទីតាំងផ្ទះលេខ៣ ផ្លូវលេខ២៣១ ក្រុម១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងការបង្ក្រាបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ក្នុងនោះមានស្រី៦នាក់ ដោយមានភ្នាក់ងារស៊ីសងចំនួន៨នាក់/ប្រុស២នាក់ និងអ្នកលេង៤នាក់ និងដកហូតយកវត្ថុតាងពាក់ព័ន្ធនឹងល្បែងមួយចំនួន។
វត្ថុតាងចាប់យក រួមមានពាក់ព័ន្ធនឹងឆ្នោតកន្ទុយលេខវៀតណាម , ក្រដាសកត់ឆ្នោត ២៣សន្លឹក, ត្រាចុះថ្ងៃខែចំនួន៤, ម៉ាស៊ីនគិតលេខ២, ប្រាក់រៀលចំនួន ១៦៦៩០០០ រៀល, ប្រាក់ដុល្លារ ១៥៣ដុល្លារ។
វត្ថុតាងចាប់យកល្បែងភ្នាល់បាល់រួមមាន ម៉ូនីទ័រចំនួន១៥ គ្រឿង, ឃីបតចំនួន១៣ គ្រឿង, ម៉ៅចំនួន១៥ គ្រឿង , ម៉ាស៊ីនព្រីន បុងបាល់ចំនួន ០៣គ្រឿង , ម៉ាស៊ីនព្រិនក្រដាសចំនួន១គ្រឿង, ប្រាក់រៀលចំនួន ៧២៥០០រៀល, ម៉ាស៊ីនDVRផ្ទុករូបភាព១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់