ព័ត៌មានជាតិ

ស្រវឹងស្រាបើករថយន្តRAV4 ទៅបុកក្បាលនាគចែកទ្រូងផ្លូវ បាក់អស់១កង់!

ភ្នំពេញ: រថយន្តម៉ាក RAV4 មួយគ្រឿង ក្រពឹតផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ ខណ:ពេលដែលបុរសម្នាក់បើកបរក្នុងសភាព ស្រវឹងស្រាបោះពួយក្នុងល្បឿនយ៉ាងលឿនទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់មួយកំណាត់ទាំងកណ្តាលថ្ងៃ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣ និង ១៥នាទីរសៀល ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ នៅចណុចភ្លើងស្តុបខាងមុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ ២ កែងនិងផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក RAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-4275 មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ទាំងស្រវឹងស្រា ក្នុងទិសដៅពីលិចទៅកើត បោះពួយក្នុង ល្បឿនយ៉ាងលឿនរេពេញផ្លូវ។ លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចភ្លើងស្តុបនោះ បុរសអ្នកបើកបរក៏បានបួងចង្កូត ព្យាយាមបើកបត់ស្តាំក្នុងគោលបំណងទៅកាន់ក្រុងតាខ្មៅនោះ ដោយល្បឿនលឿន ពេកបួងមិនអស់ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញមួយទំហឹងបណ្តាលឲ្យបាក់អស់មួយកំណាត់។ ចំណែកឯរថយន្តក្រពឹតផ្នែកខាងមុខរងការ ខូចខាតយ៉ាងដំណំ រួចហើយបុរសអ្នកបើកបរចុះដើរទ្រេតទ្រោតចេញមក ទាំងស្រវឹងស្រា ឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់យករថយន្តបង្ករម៉ាក RAV4 ទៅដាក់លើចិញ្ចើមផ្លូវ និង ប្រគល់ទៅឲ្យនគរបាលខាងការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញមកទទួលយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

មតិយោបល់