ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សាន ផានិត ប្រាប់ហេតុផលជ្រើសយក ដេននី ក្វាន់

ភ្នំពេញៈ លោក សាន ផានិត បានឃើញពន្លឺថ្ងៃវិញបណ្តើរៗ ក្រោយមិត្តសិល្បៈជួយជ្រោមជ្រែងឲ្យងាកមកកាន់វិថីមួយនេះ តាមរយៈបទ Original Song ហើយក៏ជ្រើសរើសយក ដេននី ក្វាន់ សម្រាប់ជំហានថ្មីមួយនេះផងដែរ។

ជាមួយនឹងដំណឹងនេះ បានធ្វើឲ្យទស្សនិកជនឆ្ងល់យ៉ាងខ្លាំង ថាមានហេតុផលអ្វីទៅបានជាលោក សាន ផានិត ជ្រើសរើសយកតារាសម្តែងដ៏សិចស៊ី នាង ដេននី ក្វាន់ ទៅវិញ សម្រាប់ជំហានប្រឡូកសិល្បៈសារជាថ្មីនោះ?

ថ្លែងប្រាប់ Post News ពីទឹកដីភូមិភាគឥសាន្ដ ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ លោក សាន ផានិត បានឲ្យដឹងថា សម្រាប់បទថ្មីពីរបទរបស់លោក ក្រោមចំណងជើង «ផ្កាយព្រះអង្គារ» និង «គ្មានសិទ្ធិ» ដែលថតនៅថ្ងៃទី៩ និងទី១០ ខែកក្កដាខាងមុខនេះ នឹងជ្រើសរើសយកនាង ដេននី ក្វាន់ ឲ្យដើរជាតួឯក។

លោក សាន ផានិត បានឲ្យដឹងថា មូលហេតុដែលខ្ញុំ និងផលិតករ ជ្រើសរើសយក ដេននី ក្វាន់ ឲ្យសម្តែងក្នុងបទថ្មីរបស់ខ្ញុំ ព្រោះតែតួនាងសាកសម ហើយក្នុងបទ «ផ្កាយព្រះអង្គារ» តម្រូវឲ្យតួស្រីជាមនុស្សស្អាតស្រស់សោភា តែមិនសិចស៊ី ដោយស្លៀកពាក់ជិតៗបែបរម្យទុំ តាមប្រពៃណីខ្មែរ។ ប៉ុន្តែសម្រាប់បទ «គ្មានសិទ្ធិ» ដេននី ក្វាន់ ក៏ជាតួឯកដូចគ្នា តែជាតួក្បត់ស្នេហារបស់តួប្រុស។

លោក សាន ផានិត ថា «ដោយសារតែខ្ញុំ ចូលចិត្តមើលមនុស្សក្នុងទិសដៅ បច្ចុប្បន្នភាពតែបើមើលពីអតីតកាលខ្លួនខ្ញុំវិញ វាខ្មៅងងឹតជាងនេះផង នៅតែមានមិត្តសិល្បៈជ្រោមជ្រែង ហើយ ដេននី ក្វាន់ ក៏ដូច្នោះដែរ គឺនៅមានអ្នកជួយនាងដូចគ្នា បើទោះបីជាកន្លងមកមានបញ្ហារកាំរកូស រឿងនាងស្លៀកពាក់សិចស៊ីក្តី»

តាមរយៈបទថ្មីនេះ ក្រៅពីកញ្ញា ដេននី ក្វាន់ នៅមានតួសំខាន់ចូលរួមសម្តែង មានលោក សាវិន ហ្វីលីព លោក ហម ឈរ៉ា លោក ផាប់ ឃីស និងអ្នកនាង ប៉ែន សុផានី។

បទថ្មីនេះដែរ ជាស្នាដៃកូនខ្មែរ ដែលផលិតឡើងដោយ ម៉េង ហួយ និង ឈិន ឬ ទ្ធីរ៉ា នៅក្នុង SP Media របស់លោក សាវិន ហ្វីលីព ហើយតាមរយៈបទថ្មីនេះ នឹងដឹកនាំសម្តែងដោយលោក មករា។

លោក សាន ផានិត អះអាងថា ក្រោយបទថ្មីនេះចេញ លោកសង្ឈឹមថា ដេននី ក្វាន់ នឹងក្លាយជាមនុស្សថ្មី ហើយទទួលបានការគាំទ្រពីទស្សនិកជនផងដែរ៕

មតិយោបល់