ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធចំនួន ៥០នាក់ បានបោះបង់ចោលការប្រយុទ្ធ នៅភាគខាងជើងអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ អ្នកនាំពាក្យរបស់កងទ័ព ក្នុងតំបន់ភាគខាងជើង លោក Nasratullah Jamshidi នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា សមាជិកក្រុមសកម្មប្រយុទ្ធចំនួន ៥០នាក់ បានបោះបង់ចោលការប្រយុទ្ធ និងប្រគល់អាវុធរបស់ខ្លួនទៅឲ្យរដ្ឋាភិបាលក្នុងស្រុក Dawlatabad ភាគខាងជើងខេត្ត Faryab កាលពីថ្ងៃពុធ។ នេះបើយតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២១០៦។

បើតាមលោក Jamshidi បានប្រាប់ភ្នាក់ស៊ីនហួរថា “ពួកឧទ្ទាមតាលីបង់មានចំនួនសរុប ៥០នាក់ បានប្រគល់អាវុធរបស់ខ្លួនទៅឲ្យកងកម្លាំងសន្តិសុខនៅក្នុងស្រុក Dawlatabad កាលពីល្ងាចថ្ងៃពុធ”។

អតីតក្រុមឧទ្ទាមទាំងអស់ បានប្តេជ្ញាថា ពួកគេនឹងចូលរួមក្នុងសហគមន៍របស់ខ្លួន ដើម្បីធ្វើការសម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស នេះបើតាមមន្ត្រីបានឲ្យដឹងបន្ថែម។

នេះជាលើកទីពីរហើយ ដែលពួកសកម្មប្រយុទ្ធប្រឆាំងរដ្ឋាភិបាល បានសុំចុះចាញ់ររដ្ឋាភិបាល នៅតំបន់ភាគខាងជើង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

គួរបញ្ជាក់ផងដែរថា បើតាមមន្រ្តីមូលដ្ឋាន កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ពួកសកម្មប្រយុទ្ធតាលីបង់ចំនួនជាង ១០០នាក់ បានបោះបង់ចោលការប្រយុទ្ធនៅខេត្ត Jauzjan ព្រមទាំងបានប្រគល់អាវុធរបស់ខ្លួន ទៅឲ្យកងកម្លាំងសន្តិសុខផងដែរ៕

មតិយោបល់