ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក ​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​រង​របួស​ធ្ងន់​!

ភ្នំពេញ: បុរសម្នាក់​ស្រវឹងធ្លាក់ភ្នែក​បើកម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿន​រួច​ក៏​រេចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​ដែល​នៅ​លើ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ ​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​១០និង​១០នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៨ត្រង់​ចំណុច​ខាង​លិច​ផ្សារ​ដើម​គរ​ប្រមាណ​២០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​៣៣៦​ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួលគោក​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញ​បុរស​ម្នាក់​ស្រវឹងជោកជាំ ​បើក​បរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុង​ដា​ឌ្រីម​ ស៊េរី​០១៨​ ពណ៌​ខ្មៅ​ អត់​មាន​ស្លាក​លេខ​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៣៦​ ទិសដៅ​ពី​លិច​ទៅ​កើត​ ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះមកដល់ចំណុចកើតហេតុ​ស្រាប់​តែ​ម៉ូតូ​ខាង​លើ​ក៏​រេចង្កូត​ទៅ​ខាង​ស្ដាំ​ទៅ​ឡើង​ខឿន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​រងរបួស​បែកក្បាល​សន្លប់​ស្ដូកស្ដឹង ​ត្រូវបាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ហុងហាក់​។

ដោយឡែក​ម៉ូតូរងការ​ខូចខាត​បែក​កាបាំង​ខាង​ស្តាំ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាននគរបាលខណ្ឌ​ទួលគោក​ដើម្បី​រង់ចាំ​សាច់ញាតិ​យក​ឯកសារ​ពាក់ព័ន្ធ​មក​ម៉ូតូ​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ក្រោយ​៕

មតិយោបល់