កំពង់ឆ្នាំងៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមិនចាំម៉ាកបើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១២៦-១២៧ ភូមិចក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះមានឈ្មោះ ផ្លុង សំបុណ្យ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ ស្លាកលេខកំពង់ឆ្នាំង1E- 8069 មកពីលេងផ្ទះម្ដាយនៅក្នុងភូមិត្រពាំងចាន់ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បុកពេញទំហឹងដែលបើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តបង្កបានគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើកំណត់ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្ក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់