បាត់ដំបងៈ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការក្រុងបាត់ដំបង បានប្រាប់ Post News ថា នៅថ្ងៃព្រហស្បតិ៍ ២កើត ខែប.សាឍ ឆ្នាំច សំរឹទ្ធិស័ក្ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅវេលាម៉ោង៦និង៤៥នាទីព្រឹក នៅផ្ទះល្វែងផ្សារ១៣មករា ក្នុងក្រុមទី៣៧ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីក្មេងស្រីម្នាក់ដេកស្លាប់។
ជនរងគ្រោះឈ្មោះ វុន សៀវលិញ ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ។ មូលហេតុ ដោយសារជនរងគ្រោះមានជំងឺខ្យល់គបណ្ដាលឲ្យគាំងបេះដូង។
តាមការបញ្ជាក់របស់ឈ្មោះ វុន ហុយ ភេទប្រុស អាយុ៥០ឆ្នាំ ដែលត្រូវជាឪពុកបង្កើតបាន បញ្ជាក់ថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ កូន របស់ខ្លួនឈ្មោះ វុន សៀវលិញ អាយុ១៤ឆ្នាំរូបនេះ គាត់បានហូបបាយរួចក៏ឡើងទៅលើបន្ទប់សម្រាកដូចសព្វមួយដង។ លុះព្រឹកឡើងថ្ងៃកើតហេតុ មិនឃើញកូនចុះមកក្រោមខ្លួនក៏ឡើងទៅដាស់តែកូនមិនភ្ញាក់ ហើយក៏មានការសង្ស័យបានយកកូនសោទៅចាក់បើកបន្ទប់ដែលកូនសម្រាកឃើញកូនសម្រាកខ្លួនក៏ដាស់កូនទើបដឹងថា កូនស្លាប់បាត់ហើយ។
ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុង បានសហការនិងប៉ុស្តិ៍រដ្ឋបាល និងលោកមេភូមិ បង្កើតជាក្រុមគណៈកម្មការមួយដើម្បីធ្វើការត្រួតពិនិត្យទីកន្លែងកើតហេតុនិងសាកសព ចំពោះរាងកាយសាកសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ចំពោះករណីនេះយើងអាចវាយតម្លៃបានថា ជនរងគ្រោះពិតជាអាចបានស្លាប់ដោយសារជំងឺខ្យល់គនិងគាំងបេះដូង ទើបបណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។
ក្រោយពីធ្វើការពិនិត្យយើងបានធ្វើការប្រគល់សាកសពឲ្យទៅឪពុកបង្កើត ធ្វើបុណ្យនៅលំនៅដ្ឋានតាមប្រពៃណី៕
មតិយោបល់