តាកែវៈ សមត្ថកិច្ចបានប្រាប់Post Newsថាសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីតខ្សែភ្លើងបណ្តាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង២០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ចន្លោះម៉ោង២និង៣០ទៅ ៣និង៣០នាទី មានជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ យស់ កែវ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទួលត្បែង ឃុំលាយបូរ និងទី២ឈ្មោះ មុំ ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិទួលត្បែង ឃុំលាយបូរ បាននាំគ្នាតខ្សែភ្លើងចេញពីទួលដាំដំណាំ អូសខ្សែភ្លើងចេញទៅឆក់ត្រីក្នុងស្រែ ដោយមានកុមារាឈ្មោះ គិត រ៉ាម៉េង ភេទប្រុស អាយុ៩ឆ្នាំ ជាអ្នកយួរធុងដាក់ត្រី។ លុះដល់ម៉ោង៦ល្ងាច ឪពុកម្តាយកុមារា គិត រ៉ាម៉េង មកពីធ្វើការរោងចក្រវិញបាត់កូនក៏ឆោឡោដើររកលុះដល់ម៉ោង១១យប់ ទើបរកឃើញកូនឈ្មោះ គិត រ៉ាម៉េង ដេកស្លាប់ជាប់ភ្លឺទួលជាប់របងលួសបន្លាខាងជើងកន្លែងតភ្លើងចេញយកទៅឆក់ត្រី។
ក្រោយពីការពិនិត្យសាកសពឃើញថា កុមារា គិត រ៉ាម៉េង ពិតជាឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន។ ករណីនេះនៅម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៨ សមត្ថកិច្ចក៏ឃាត់ខ្លួនឈ្មោះ យស់ កែវ និង មុំ ចំរើន មកសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់