ព័ត៌មានជាតិ

ប្រាប់ថាកុំឲ្យជិះ តែកូនប្រុសមិនស្តាប់ លួចជិះទៅចូលរថយន្ត រងរបួសបាក់ជើង!

ភ្នំពេញៈ យុវជនម្នាក់ ម្តាយបានហាមហើយ ហាមទៀតថា មិនឲ្យជិះម៉ូតូតាមផ្លូវ ទីប្រជុំជនខ្លាចជួបគ្រោះថ្នាក់ផ្សេងៗ តែកូននៅតែមិនបានស្តាប់ ទោះជាម្តាយប្រាប់ហើយនៅតែ លួចយកម៉ូតូជិះ ទៅរកម្តាយនៅរោងចក្រ បែរជាជួបគ្រោះថ្នាក់តាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងខាងស្តាំ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ នៅក្នុង ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនដែលជារងគ្រោះខាងលើមានឈ្មោះ សម លីហ្សា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានម្តាយឈ្មោះ ម៉ៅ សារ៉ូ អាយុ៤៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ក្បែរកន្លែងកើតហេតុ មានទីលំនៅ បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
តាមពលរដ្ឋបានឲ្យដឹងដែរថា ក្មេងប្រុសខាងលើ មុនពេលកើតហេតុ គេឃើញជិះម៉ូតូ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1X-1079 តាមផ្លូវជាតិលេខ៣ពីត្បូងទៅជើង លុះដល់ចំណុចខាងលើ បត់ឆ្លងផ្លូវវឹង ទៅឆ្វេងដៃ កាត់ពីមុខរថយន្ត ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-3239 បើកពីជើងទៅត្បូង រកតែហ្វ្រាំងមិនទាន់ផង ទើបបុកកល់ម៉ូតូជាប់ពីក្រោម តែម្តង បណ្តាលឲ្យក្មេងខាងលើ បាក់កជើងស្តាំ។

តាមសម្តីស្រ្តីអ្នកបើកបររថយន្ត បានឲ្យដឹងថា ស្ថានភាពផ្លូវ មិនអាចឲ្យគាត់បើករថយន្តលឿនបានទេ ម្យ៉ាងក្នុងរថយន្តមាន មនុស្សកូនខ្ចីទើបសម្រាល ទើបបើកចេញពីមន្ទីរពេទ្យ ក្នុងគោលបំណង់ទៅផ្ទះនៅឯខេត្តកំពត លុះមកដល់ចំណុចខាងលើ ម៉ូតូក្មេងរងគ្រោះ បើកឆ្លងផ្លូវកាត់ពីមុខ ធ្វើឲ្យគាត់ហ្វ្រាំងមិនជាប់ទើបបណ្តាលឲ្យបុក។

តាមសម្តីម្តាយក្មេងរងគ្រោះវិញ បានឲ្យដឹងថា គាត់បានហាមកូន រាល់ថ្ងៃ មិនឲ្យជិះម៉ូតូ ឡើងតាមផ្លូវ ជាតិឫទីប្រជុំជនទេព្រោះ ខ្លាចបង្កគ្រោះថ្នាក់ កូនរូបនេះនៅតែមិនស្តាប់ លួចសោម៉ូតូជិះ មកកន្លែងម្តាយធ្វើការ បែរជាមកជួបគ្រោះថ្នាក់បែបនេះទៅវិញ។

ក្មេងរងគ្រោះ ក្រោយកើតហេតុត្រូវបានរថយន្តសង្រ្គោះបន្ទាន់ ដឹកយកទៅព្យាបាល ចំណែកឯភាគីរថយន្ត ខិតខំព្យាយាម សម្របសម្រួលទៅតាមជួយមើល ស្ថានភាពជំងឺជាមួយដែរ ដោយឲ្យគាត់ធ្វើយ៉ាងម៉េច កាលបើបើកម៉ូតូកាត់មុខពីទទឹងរថយន្តបែបនេះ៕

មតិយោបល់