ភ្នំពេញៈ រថយន្តម៉ាកព្រុសមួយគ្រឿងគ្រាន់តែបើកចេញផ្ទះភ្លាមស្រាប់តែមានរថយន្តបែនដឹកដីធន់ធំមួយគ្រឿងដែលមានចងវាំងននបាំងជិតខាងមុខនោះ ទំនងជាមើលមិនឃើញបានបើកទៅបុកពេញទំហឹងចំទ្វារខាងឆ្វេងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីរវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោផ្លូវ ២១៧ នៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតគេឃើញបុរសម្នាក់បើករថយន្តម៉ាកព្រុស ពណ៌ទឹកប្រាក់ គ្មានស្លាកលេខមួយគ្រឿង បើកបរដោយបុរសម្នាក់ចេញផ្ទះតិចៗ ក្នុងគោលបំណងឡើងមកលើផ្លូវ២១៧តែឡើងមិនទាន់ផុតផង ក៏តែស្រាប់មានរថយន្តបែនដឹកដី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3E-1704 បើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តម៉ាកព្រុសពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទ្វារខាងឆ្វេងយ៉ាងដំណំផងដែរ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវខាងលើបានលើកឡើងថា រថយន្តបែនដឹកដីបង្កនេះគឺនៅខាងមុខរថយន្តមានការចងវាំងននបិទបាំងជិត ទំនងជាមើលមិនឃើញទើបកៃតុងបើកទៅបុក និងតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើជាញឹកញាប់ទៀតផង។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុជួយសម្របសម្រួលចរាចរណ៍ កុំឲ្យមានកកស្ទះនិងបានឲ្យភាគីទាំងសងខាងដោះស្រាលគ្នា ដោយសារមិនចង់មានរឿងវែងឆ្ងាយទើបខាងរថយន្តបែនដឹកដីយល់ព្រមសងថ្លៃការខូចខាតទៅខាងរថយន្តព្រុស ដើម្បីបញ្ចប់រឿងតែម្ដង៕
មតិយោបល់