ភ្នំពេញៈ បុរសស្រវឹងស្រាជោកជាំ បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ងោកមួយភាំង ក៏រ៉េចង្កូតមកខាងឆ្វេងដៃបុកចូលផ្ទះយានដ្ឋាន ប៊ុន ថុល ជួសជុលរថយន្តគ្រប់ប្រភេទមួយខ្នង មិនទាន់អស់ល្បឿន ក៏ទៅបុកដល់ផ្ទះលក់គ្រឿងសំណង់គ្រប់ប្រភេទ យ៉ីហោ ទ្រីសុខុម ហៅ (តាំងគង់) មួយខ្នងទៀត បណ្តាលឲ្យរងការខូចខាត រថយន្តចំនួន៣គ្រឿង និងមានក្មេងស្រីម្នាក់អាយុ១៤ឆ្នាំម្នាក់ បានកៀបជាប់ស្លាប់ភ្លាមៗនៅនិងកន្លែង ខណៈដែល ៦នាក់ទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង១០យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចជិតបន្ទាយកងទ័ព ង ៧០ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះឈ្មោះ ហុក គីមឆាយ ភេទ ស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ថ្នាក់ទី៧ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ ខ្ចៅទី៣ ឃុំខ្ចៅ ស្រុកកង មាស ខេត្តកំពង់ចាម មានឪពុកឈ្មោះ ហូ ប៉ុនថុល ភេទប្រុស មុខរបរ ជាងឡាន និងម្តាយមានឈ្មោះ ស្រេង សក្ខិណា ភេទស្រី មុខរបរ នៅផ្ទះរស់នៅកន្លែងកើតហេតុខាងលើ ។
ចំណែកអ្នករងរបួសធ្ងន់ស្រាលចំនួន៦នាក់ ស្រី៣នាក់ ប្រុស៣នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ បានបើករថយន្តកុងតឺន័រ ក្បាលពណ៌ស មានស្លាកលេខ ព្រះសីហនុ4A-1183 និងខាងកន្ទុយមានស្លាកលេខព្រះសីហនុ3A.2588យ៉ាងលឿនក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវជាតិលេខ ៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ងោកមួយភាំងក៏រ៉េចង្កូតមកខាងឆ្វេងដៃ បុកចូលយានដ្ឋានជួសជុលរថយន្ត និងជ្រុលបុកចូលផ្ទះលក់គ្រឿងសំណង់មួយទៀត បណ្តាលឲ្យខ្ទិចរថយន្តចំនួន៣ គ្រឿង។
រថយន្តរងការខូចខាត រួមមាន៖ ទី១ម៉ាកម៉ាសឺដេស SLK 230ពណ៌លឿង មានស្លាកលេខ ភ្នំពេញ 2AI.6163 រថយន្ត ទី២ ម៉ាក តាកុមារ ពណ៌ទឹកប្រាក់ មានស្លាកលេខភ្នំពេញ 2.AR1907 និងរថយន្តទី៣ ម៉ាកកូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2M.8719 រួមទាំងខូចខាតសម្ភារមួយចំនួនធំ។
ក្រោយកើតហេតុតាកុងបម្រុងរត់ តែត្រូវបានសមត្ថកិច្ចចាប់បានយក មកប៉ុស្តិ៏នគរបាលចោមចៅទី២។ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ មកដឹកយកទៅកាន់មន្ទីពេទ្យ ។
បច្ចុប្បន្នរថយន្តបង្ក និងតាកុង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍ ដើម្បីរងចាំដោះស្រាយគ្នា ទៅតាមនិតិវិធីនៃច្បាប់៕ ។ចំណែកសាកសពសមត្ថកិច្ចធ្វើសំណុំបែបបទប្រគល់ឲ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់