ភ្នំពេញៈ យោងតាម Page របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០នាទី កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ សម្របសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនបរទេស ដែលឆ្លងដែន និងធ្វើការខុសច្បាប់ ស្ថិតនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញបាន ពិនិត្យឃើញមាន ជនបរទេសប្រុស សរុបចំនួន៣៥នាក់ មាន០២សញ្ជាតិ៖ ជនជាតិវៀតណាម និងនីហ្សេរីយ៉ា។
ក្នុងចំណោមពួកគេមានចំនួន៣៤នាក់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕
មតិយោបល់