ភ្នំពេញៈ រថយន្តធុនធំបែនដឹកដីមួយគ្រឿងបើកជ្រុលបុកគោយន្តពីក្រោយបណ្តាលឲ្យគោយន្តក្រឡាប់ផ្ងារជើងអ្នកបើកគោយន្តរងរបួសដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវទំនប់ស្រូវ ភូមិទួលសំពៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តម៉ាក ហ៊ីណូ ក្បាលរថយន្តពណ៌ស្លែ តួពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-0188 បើកដោយបុរសម្នាក់ឈ្មោះ គីម វិសាល អាយុ២៣ឆ្នាំ មុខរបរបើករថយន្តបែន ស្នាក់នៅភូមិរំចេក ឃុំរំចេក ស្រុកបាទីខេត្តតាកែវ។
គោយន្តមានម៉ាស៊ីន ពណ៌ក្រហម សណ្តោងរ៉ឺម៉ក បើកដោយបុរសម្នាក់ឈ្មោះ ឃាង ឃន អាយុ២៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិអន្លង់ជ្រៃឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ គោយន្តជាច្រើនគ្រឿងបានបើកបន្តគ្នាមុខក្រោយតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបុរសបើកគោយន្តរងគ្រោះបានបើកទៅមុខឆ្ងាយហួសគេឯងបន្តិចក៏ស្រាប់តែមានរថយន្តដឹកដីខាងលើ បើកស្របទិសគ្នាជ្រុលទៅបុកគោយន្តពីក្រោយផ្នែកមុខខាងស្តាំរថយន្តបណ្តាលឲ្យម៉ាស៊ីនគោយន្តក្រឡាប់ផ្ងារជើង អ្នកបើកគោយន្តខ្ទាតធ្លាក់ទំនប់រងរបួសតែសំណាងល្អមិនចូលទឹកទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុទាក់ទងរថយន្តដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តនិងគោយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រង់ចាំភាគីទាំងសងខាងចូលដោះស្រាយនៅពេលក្រោយ៕
មតិយោបល់