ព័ត៌មានជាតិ

មន្ត្រីកងអង្គរក្សដែលវាយពលរដ្ឋផ្អើលហាងផឹកស៊ីនៅកោះពេជ្រ បានទៅផ្ទះវិញហើយ

ភ្នំពេញ: បើយោងតាម ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ម្នាក់ជាមន្ត្រីកងអង្គរក្ស ដែលត្រូវ នគរបាលខណ្ឌចម្ការមន ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ព្រោះតែរឿងប្រើហិង្សា លើពលរដ្ឋ ផ្អើលហាងផឹកស៊ីនៅ កោះពេជ្រនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ដោយមិនចាំបាច់បញ្ជូនទៅតុលាការនោះទេ។

លោក ហៀង ថារ៉េត អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះថា ករណី មន្ត្រីកងអង្គរក្ស ឈ្មោះ នីម សុផានិត ដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធរឿង ហិង្សា វាយពលរដ្ឋក្នុងហាងផឹកស៊ី នៅកោះពេជ្រនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។

លោកអធិការរងរូបនេះ បញ្ជាក់ថា ជនសង្ស័យឈ្មោះ នីម សុផានិត ត្រូវបានដោះលែងតាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ មកម្ល៉េះ ក្រោយពីឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមនបាន មួយយប់។

លោកបានបន្ថែមថា មូលហេតុនៃការដោះលែងជនសង្ស័យខាងលើនេះ គឺដោយសារតែ ខាងអង្គភាពរបស់ ជនសង្ស័យមកធានាសុំយកទៅ ដាក់ពិន័យ ដោយផ្ទាល់តែម្តង ដោយមិនចាំបាច់ ឲ្យនគរបាលយុត្តិធម៌កសាងសំណុំរឿងបញ្ជូនទៅតុលាការនោះទេ។

សូមជម្រាបជូនថា ជនសង្ស័យ ឈ្មោះ នីម សុផានិត ភេទប្រុស មុខរបរ ជាមន្ត្រីកងអង្គរក្ស ត្រូវបាន សន្តិសុខកោះពេជ្រ និងប្រជាពលរដ្ឋ នាំគ្នាចាប់ខ្លួនប្រគល់ឲ្យ នគរបាលប៉ុស្តិ៍រដ្ឋបាល ទន្លេបាសាក់ កាលពីពាក់កណ្តាលយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីរូបគេ បានវាយ ជនរងគ្រោះឈ្មោះ អ៊ិត ស៊ាងយី ភេទប្រុស មុខរបរ លក់ទូរស័ព្ទ នៅចំណុហាងផឹកស៊ីមួយកន្លែង លើកោះពេជ្រ សង្កាត់ ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី ភ្នំពេញ។

បើយោងតាម មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា បានចែងថា ប្រជាពលរដ្ឋខ្មែរ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ច ដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋាន:សង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។

ប៉ុន្តែចំពោះ ករណីរបស់មន្ត្រីកងអង្គរក្ស ឈ្មោះ នីម សុផានិត ខាងលើនេះ ហេតុអ្វី មិនអាចមានទោសដូចពលរដ្ឋសាមញ្ញទូទៅ និងស្របតាមច្បាប់កំពូលរបស់ជាតិដែលបានចែង?

មតិយោបល់