ព័ត៌មានជាតិ

ជក់ថ្នាំញៀន ឌឺប៉ូលិស បែកធ្លាយទិញម៉ូតូចោរ..

ភ្នំពេញ: យុវជន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេនាំគេជក់ថ្នាំញៀន ឌឺមិនកោតក្រែង មិនខ្លាច ភ្នែកមហាជន ក៏នាំទៅសាកសួរនៅប៉ុស្តិ៍ បែរជាបែកធ្លាយ ពាក់ព័ន្ធនឹងការទិញម៉ូតូចោរកម្ម យកមកក្លែងបន្លំ ដោះស្លាកលេខ មួយករណីទៀត កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅដីវាល តាមផ្លូវបេតុង ក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ ព្រំ វិបុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី២ ឈ្មោះ ឈុន ស៊ីណន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទាំង២នាក់ មានទីលំនៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូ ជាប់ពាក់ព័ន្ធនឹងបទល្មើស ម៉ាកហុងដា សេ១២៥ ស៊េរី២០០៧ បកតែមចោល បិទតែម២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នពេញ 1U-3471 ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ ប្រជាពលរដ្ឋ អ្នកស្រុករាយការណ៍ ឃើញជនសង្ស័យទាំង២នាក់ ជក់គ្រឿងញៀន ត្រង់ចំណុចខាងលើ មិនខ្លាច មិនញញើត កណ្តាលវាលតែម្តង ទើបកម្លាំងចុះទៅចាប់ឃាត់បានទាំង២នាក់ ដកហូតបាន ឧបករណ៍ ម៉ូតថ្មី សម្រាប់ដាក់គ្រឿងញៀនជក់ និងម៉ូតូមួយគ្រឿងខាងលើ អត់មានស្លាកលេខ នាំទៅសាកសួរ ទើបដឹងរឿងម៉ូតូមានស្លាកលេខ តែត្រូវពួកគេដោះចេញ ប្តូរតែមថ្មី ខ្លាចម្ចាស់ដើមស្គាល់ ។

ជនសង្ស័យទាំង២នាក់ សារភាពផងដែរ ជុំវិញម៉ូតូ ពួកគេចូលលុយគ្នា ទិញម៉ូតូមួយគ្រឿងខាងលើ តម្លៃ២១០ដុល្លារ ពីបុរសម្នាក់ មិនស្គាល់អត្តសញ្ញា នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង អស់រយ:ពេលជាង១ខែហើយ ពួកគេក៏បានដឹងដែរ ជាម៉ូតូខ្លាចប៉ូលិស ទើបយកមកប្តូរតែមថ្មី ដោះស្លាកលេខចោល គ្រាន់ជិះដើរទិញ ជក់គ្រឿងញៀន លុះមកដល់ព្រឹកថ្ងៃទី២០ ខែមិនានេះ កំពុងជក់ថ្នាំញៀន ក៏ត្រូវប៉ូលិសចាប់ខ្លួនបានតែម្តង ។

ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចឃាត់ខ្លួនបាន រួចនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្តតាននីតិវិធី៕

មតិយោបល់