ព័ត៌មានជាតិ

កែវ សារី ថា មេធាវី រស់ ផល្លា ជាអ្នករៀបចំឲ្យគាត់ជួប លោក ពេជ្រ ព្រហ្មមុនី

ភ្នំពេញៈ នៅក្នុងសវនាការនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ លោកស្រី កែវ សារី បានអះអាងថា លោកស្រីមិនដែលស្គាល់លោក ពេជ្រ ព្រហ្មមុនី ពីមុនមកនោះទេ។ លោកស្រីបានបញ្ជាក់ថា គឺលោកមេធាវី រស់ ផល្លា ជាអ្នករៀបចំឲ្យលោកស្រី ស្គាល់លោក ពេជ្រ ព្រហ្មមុនី ដោយលោក រស់ ផល្លា ថាលោក ពេជ្រ ព្រហ្មមុនី ជាគ្រូទាយពូកែម្នាក់អាចជួយរៀបចំធ្វើ និងសែនជំនាងផ្ទះឲ្យមានសេចក្តីសុខ។ លោកស្រី កែវ សារី ថា លោកស្រីបានទៅជួបលោក រស់ ផល្លា និងលោក ពេជ្រ ព្រហ្មមុនី ជាមួយលោកស្រី ទាវ ធីតា ជាប្រពន្ធលោក ថោង សារ៉ាត់ នៅភោជនីយដ្ឋាន One More។ លោកស្រីបញ្ជាក់ថា ការជួបគ្នានោះ គឺក្នុងគោលបំណងសុំឲ្យលោក ពេជ្រ ព្រហ្មមុនី ទស្សទាយឲ្យ ដោយពេលទាយចប់លោកស្រីបានជូនកាដូមួយកញ្ចប់ និងស្រោមសំបុត្រមានលុយចំនួន១០០០ដុល្លារទៅលោក ពេជ្រ ព្រហ្មមុនី ឲ្យស្រោមសំបុត្រមានលុយចំនួន៥០០ដុល្លារទៅលោកមេធាវី រស់ ផល្លា និងឲ្យស្រោមសំបុត្រមានលុយចំនួន៥០០ដុល្លារឲ្យទៅអង្គរក្សម្នាក់ទៅជាមួយលោក ពេជ្រ ព្រហ្មមុនី។

ដោយឡែកលោក ពេជ្រ ព្រហ្មមុនី បានថ្លែងថា លោកពិតជាបានទៅជាមួយ លោកមេធាវី រស់ ផល្លា ដើម្បីទស្សទាយឲ្យលោកស្រី កែវ សារី នៅភោជនីយដ្ឋាន One More ពិតមែន។ លោកថា ការទស្សទាយនោះធ្វើឡើងតាមការស្នើសុំឲ្យជួយរបស់លោកស្រី ទាវ ធីតា ប្រពន្ធ ថោង សារ៉ាត់ និងមេធាវីរបស់លោកស្រី គឺលោក រស់ ផល្លា។

លោក ហេង សុខឃៀង មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយបានសាសួរជនជាប់ចោទ ទាំងពីរនាក់នៅក្នុងពន្ធនាគារហើយ ហើយចម្លើយរបស់ពួកគេជាចម្លើយស្ម័គ្រចិត្ត ដោយមិនមានការបង្ខំនោះទេ។

ឆ្លើយតបនឹងសំនួររបស់លោក ទួត លុច មេធាវីការពារសិទ្ធិលោកស្រី កែវ សារី លោក ហេង សុខឃៀង បានបញ្ជាក់ថា សំណុំរឿង ជំនួញឥទ្ធិពលសកម្ម និងជំនួយឥទ្ធិពលអកម្មនេះ អង្គភាពប្រឆាំងអំពើពុករលួយរកមិនឃើញថា មានការជាប់ពាក់ព័ន្ធនឹងលោកមេធាវី រស់ ផល្លា លោកចៅក្រម លី សុខឡេង និងលោក អាំង មាលតី ជាអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញនោះទេ។

លោក ទួត លុច មេធាវីការពារសិទ្ធិលោកស្រី កែវ សារី បានថ្លែងសន្និដ្ឋានថា លោកទទួលស្គាល់សំណុំរឿង ដែលអង្គភាពប្រឆាំងអំពើពុករលួយកសាងឡើង ប៉ុន្តែលោកបានថ្លែងថា ហេតុអ្វីតំណាងអយ្យការមិនចោទប្រកាន់លោកស្រី ទាវ ធីតា លោកមេធាវី រស់ ផល្លា លោកចៅក្រម លី សុខឡេង និងលោក អាំង មាលតី ជាអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញផងទៅ? រឿងអ្វីតំណាងអយ្យការធ្វើការចោទប្រកាន់តែលោក ពេជ្រ ព្រហ្មមុនី និងលោកស្រី កែវ សារី តែ២នាក់ទៅវិញ? តើលោក ពេជ្រ ព្រហ្មមុនី អាចសម្រេចចិត្តដោះលែង កូនក្តីលោកបានទេ? លោក ទួត លុច ថា ប្រធានតុលាការ ចៅក្រម មេធាវី និងអ្នករៀបចំ ទើបត្រូវមកទទួលខុសត្រូវក្នុងរឿងនេះ ព្រោះពួកគេជាអ្នកធ្វើសេចក្តីសម្រេច និងធ្វើសកម្មភាពនាំឲ្យមានសេចក្តីសម្រេចចិត្ត មិនមែនកូនក្តីលោក និងលោក ពេជ្រ ព្រហ្មមុនី ជាអ្នកសម្រេចចិត្ត និងរៀបចំរឿងដោះលែងនេះទេ ពួកគេជួបគ្នារឿងទស្សទាយ និងផ្តល់កាដូ ជាប្រាក់ ជាប្រដាប់គ្រូទាយតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោកស្រី កែវ សារី ម្តាយលោក ថោង សារ៉ាត់ ត្រូវលោក ហ៊ឹង ប៊ុនថន តំណាងយ្យការចោទពីបទ ជំនួញឥទ្ធិពលសកម្ម យោងតាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ ចំណែកលោក ពេជ្រ ព្រហ្មមុនី ត្រូវជាប់ចោទពីបទ ជំនួញឥទ្ធិពលអកម្ម យោងតាមមាត្រា ៥៩៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥។

គួររំឭកថា កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ លោក វ៉រង ហ៊ត់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស លោក ពេជ្រ ព្រហ្មមុនី ដាក់ពន្ធនាគាររយៈពេល១៨ខែ តែអនុវត្តទោសក្នុងពន្ធនាគារតែ១០ខែប៉ុណ្ណោះ ពីបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ យោងតាមមាត្រា៦០៩នៃក្រមព្រហ្មទណ្ឌ។

លោក យិន សារឿន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកពេលប្រកាសសាលក្រមនៃសំណុំរឿងនេះទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ៕

photo_2016-08-25_13-14-43

https://youtu.be/Ns9MrqNvlIw

មតិយោបល់