ព័ត៌មានអន្តរជាតិ

អាមេរិក និងកូរ៉េខាងត្បូង យល់ព្រមផ្អាកសមយុទ្ធយោធារួមគ្នា

កូរ៉េ: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសេអ៊ូល បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានព្រមព្រៀងគ្នា ដើម្បីផ្អាកធ្វើសមយុទ្ធយោធារួមគ្នាមួយ នៅខែសីហាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩​ ខែមិថុនា ឆ្នាំ២០១៨។

ដោយមន្ត្រីកូរ៉េខាងត្បូង និងអាមេរិក បាននិយាយថា ការផ្អាកនេះ បានធ្វើទ្បើងបន្ទាប់ពីការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ចប់ល្បែងសង្គ្រាម ក្រោយកិច្ចប្រជុំកំពូលរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន។

យោងតាមសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាផ្អាកគ្រប់សកម្មភាព ឬការរៀបចំផែនការ ដែលពាក់ព័ន្ធនឹងសមយុទ្ធយោធាមួយ ឈ្មោះថា Guard Guardian សម្រាប់ខែសីហាខាងមុខ។

តាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ ក៏បានបញ្ជាក់ពីការផ្អាកនេះផងដែរ ហើយបានបន្ថែមថា នឹងមានកិច្ចប្រជុំរវាងលេខាធិការការពារជាតិ និងរដ្ឋ ព្រមទាំងទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ ចំពោះបញ្ហាខាងលើ នៅក្នុងសប្តាហ៍នេះ៕

មតិយោបល់