ព័ត៌មានជាតិ

ខ្លាំងប៉ះខ្លាំង! សម្លឹងមុខគ្នាចុះឡើងវាយគ្នាប្រាវ ម្នាក់ដេកពេទ្យ ម្នាក់ដេកគុក!..

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វណ្ណ មករា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ(រងរបួសត្រង់ខ្នង)។ ចំណែកជនល្មើសឈ្មោះ ប៊ុន ជាសុវណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិសង្កាត់ជាមួយគ្នា មុខរបរបើកបររថយន្ត(ឃាត់ខ្លួន)។

កាលពីវេលាកើតហេតុខាងលើ ជនល្មើសបានជិះចេញពីផឹកស៊ីជាមួយមិត្តភក្តិ ត្រឡប់មកផ្ទះវិញដល់ផ្លូវចូលផ្ទះ ក៏ជួបនិងជនរងគ្រោះហើយក៏បានសម្លឹងមុខគ្នាទៅវិញទៅមក រួចក៏បានទាក់ពាក្យសម្តីគ្នា បន្ទាប់មកជនរងគ្រោះក៏បានវាយជនល្មើសបួនប្រាំដៃ ទើបជនល្មើសខឹងក៏បានទៅយកកូនកាំបិតចុងស្រួចយកមកចាក់ជនល្មើសចំខ្នងពីក្រោយ បណ្តាលឲ្យមានរបួសស្នាមហូរឈាម ហើយក៏បានប្រតាយប្រតប់គ្នា បណ្តាលឲ្យកាំបិតមុតភ្លៅជនល្មើសខ្លួនឯងមានរបួសស្នាម។ បន្ទាប់មកជនល្មើសក៏បានបោះកូនកាំបិតចោលរកមិនឃើញ បន្ទាប់មកក៏ត្រូវបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរៀងៗខ្លួន តែជនរងគ្រោះមានរបួសស្នាមធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ីតែម្តង។

ចំណែកឯជនល្មើសរងរបួសស្រាលក្រោយពីព្យាបាលរបួសហើយក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់