ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជំនួយឥតសំណងចំនួន ៣៣,១លានអឺរ៉ុ ពីសហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែដ (Sida) ដើម្បីគាំទ្រកម្មវិធីកែទំរង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងតំណាក់កាលទី៣។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបសម្រា់គាំទ្រកម្មវិធីហិរញ្ញវត្ថុ រវាងរាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប និង Sidaនៅរសៀលថ្ងៃទី២៣ ខែមិថុនា នៅទីស្តីការក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ មានប្រសាសន៍ដោយបង្ហាញការជឿជាក់យ៉ាងមុតមាំថា ហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែដ (Sida) នឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីសម្រេចបាននូវសូចនាករដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បន្តទៀតថា ហិរញ្ញប្បទានឥតសំណងចំនួន ៣៣,១លានអឺរ៉ូនេះ គឺប្រើប្រាស់រយៈពេល ០៤ឆ្នាំ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩។
សូមជំរាបផងដែរថា កិច្ចព្រមព្រៀងដែលគាំទ្រសម្រាប់តំណាក់កាលទី៣ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» នេះ គឺនឹងពង្រឹងសកម្មភាពសំខាន់ៗមួយចំនួនដូចជា ការកែលំអរគុណភាពស្ថិតិជាតិ, កែលំអរប្រព័ន្ធព័ត៌មានវិទ្យាហិរញ្ញវត្ថុសាធារណៈ, ការពង្រឹងសុក្រិតភាព និងតម្លាភាពថវិកានៃការផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិ, ពង្រឹងតម្លាភាពថវិកា និងការបង្កើនការអនុវត្តថវិកាផ្អែកលើសមិទ្ធិផលជាដើម៕
មតិយោបល់