ព័ត៌មានជាតិ

ចោរ​៤នាក់ ធ្លាប់​ចេញពីគុកពេលខុសគ្នា តែបានចូលគុកជាថ្មីថ្ងៃជាមួយគ្នា!

ភ្នំពេញៈ ចោរ២ក្រុមមានគ្នា៤នាក់ សុទ្ធតែធ្លាប់មានប្រវត្តិជាប់គុកដូចគ្នា ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោស សារជាថ្មី ក្នុងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ។

ក្រុមចោរទី១ រួមមាន៖ ឈ្មោះ ថា ចាន់រ៉ា ហៅ អូន ធ្លាប់ជាប់គុកព្រៃស ពីបទលួច ក្នុងឆ្នាំ២០១៥ ចេញវិញក្នុងឆ្នាំ២០១៧។ ជនសង្ស័យក្រុមទី១នេះ ត្រូវបានអាវុធហត្ថខណ្ឌមានជ័យបង្ក្រាបបានក្នុងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីជនសង្ស័យ រូបនេះ បានលួចម៉ូតូ០១គ្រឿង ម៉ាកគុប ពណ៌ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 1J-9012 របស់ជនរងគ្រោះ ឈ្មោះ បៀន រដ្ឋា នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពេលបាត់ម៉ូតូ ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ ព្រោះជាប់ទៅលេងឯស្រុកកំណើតក្នុងខេត្តព្រៃវែង រហូតដល់ដឹងដំណឹងថា អាវុធហត្ថរាជធានីភ្នំពេញ ចាប់ចោរបាន ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងសុំយកម៉ូតូត្រឡប់ទៅវិញ។

ក្រុមចោរទី២ រួមមាន៖ ឈ្មោះ ហ៊ុន ផាណា ហៅ ក្រឹម ធ្លាប់ជាប់គុកក្នុងឆ្នាំ២០១៤ ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចេញវិញក្នុងឆ្នាំ២០១៧, ឈ្មោះ ចាន់ ថាន ធ្លាប់ជាប់គុកក្នុងឆ្នាំ២០១៥ ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចេញវិញ ក្នុងឆ្នាំ២០១៧ និង ឈ្មោះ ហុង យូរ៉ា ហៅ ជ្រូក។ ជនសង្ស័យក្រុមទី២នេះ ត្រូវបានអាវុធហត្ថខណ្ឌមានជ័យបង្ក្រាបបាន ជាបន្តបន្ទាប់ក្នុងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពេលពួកគេបានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1I-4373 របស់ជនរគ្រោះឈ្មោះ រឿន សុភា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្រុម១ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅទីបំផុតក្រុមចោរដែល ធ្លាប់មានប្រវត្តចេញពីគុកថ្ងៃខុសគ្នា តែបានចូលគុកវិញម្តងទៀតក្នុងថ្ងៃជាមួយគ្នា ក្រោមវិធានការជំនាញ របស់អាវុធហត្ថរាជធានីភ្នំពេញ៕

មតិយោបល់