ព័ត៌មានជាតិ

ច្រើនណាស់គ្រឿងញៀន! អាវុធហត្ថស្ទាក់ចាប់ឡានមេខ្លោងគ្រឿងញៀនឆ្លងខេត្ត នៅក្រុងសិរីសោភ័ណ!

បន្ទាយមានជ័យ: មេក្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ក្នុងក្រុងបាត់ដំបងនិងអ្នករត់តាក់ស៊ីម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយជ័យស្ទាក់ចាប់ខ្លួនកណ្តាលផ្លូវ ខណ:ដែលកំពុងដឹកជញ្ជូនគ្រឿងញៀនទៅឲ្យម៉ូយនៅក្រុងប៉ោយប៉ែត។ ការស្ទាក់ចាប់បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៨ លើស្ពានតាផាន់ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា កម្លាំងអាវុធបានឃាត់ខ្លួនមនុស្ស២នាក់នាំយកមកទីបញ្ជាការខេត្ត។ ក្រោមការឆែកឆេរសមត្ថកិច្ចបានរកឃើញកាបូបមួយលាក់គ្រឿងញៀនប្រភេទកេតាមីនចំនួន២៥០ដបនិងទឹកកកពីរថង់ ក្នុងនោះក៏បានដកហូតរថយន្តបាឡែនមួយគ្រឿងផងដែរ។

លោកមេបញ្ជាការរងរូបនេះបានបញ្ជាក់ដែរ ជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំពីមន្ត្រីជំនាញដើម្បីបន្តនីតិវិធី៕

មតិយោបល់