ភ្នំពេញៈ សួនច្បារមុខវត្តបុទុមវតី ដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការជួសជុល កែ លម្អឡើងវិញនោះ មកដល់ពេលនេះ ការស្ថាបនាសម្រេចបានប្រមាណជាង៩០ភាគរយហើយ ហើយការងារនេះ អង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងសម្រុកដាំស្មៅ និងដាំដើមឈើ ដើម្បីជំរុញឲ្យរួចរាល់ទៅតាមគម្រោងនៅមុនបុណ្យភ្ជុំបិណ្ឌឆាប់ៗនេះ ។
នេះបើយោងតាមការបង្ហាញឲ្យឃើញតាមរយៈប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលក្នុងបណ្តាញសង្គមនេះលោកបានសរសេរថា «សួនច្បារមុខវត្តបុទមវតីជួសជុលកែលំអរសម្រេចបានជាង៩០% គ្រោងនឹង រួចរាល់នៅមុនបុណ្យភ្ជុំខាងមុខនេះ»។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា សួនច្បារមុខវត្តបុទុមវតីត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើការជួសជុល កែលំអរឡើងវិញ កាលពីថ្ងៃទី០៣ មេសា២០១៦ រហូតមកដល់ពេលនេះ ស្ថាបនាជិតរួចរាល់ហើយ ហើយពេលនេះក្រុមការងារបាន និងកំពុងខិតខំជំរុញឲ្យរួចរាល់មុនបុណ្យភ្ជុំបិណ្ឌនេះ សម្រាប់ការងារសួនច្បារនិងការក្រាលថ្មក្រាលនីត ចំណែកឯបង្គន់អនាម័យវិញនៅច្រើន តែទោះជាយ៉ាងណាការងារជារួមនឹងជំរុញឲ្យរួចរាល់មុនបុណ្យអ៊ុំទូកតែម្តង។
លោកបន្តថា ចំពោះការងារសួនច្បារដែលអង្គភាពរបស់លោក បាន និងកំពុងអនុវត្តន៍ មានក្រាលស្មៅ៩២០០ម៉ែត្រការ៉េ ដាំផ្កា១២០០ម៉ែត្រការ៉េ ដាំដើមឈើ២០ដើម កាប់លះមែកឈើ១៨៣ដើម និងចាក់ដីទន្លេចំនួន៦៩៥ម៉ែត្រគូបផងដែរ។
ក្នុងពេលចុះពិនិត្យការដ្ឋានជួសជុលកែលម្អសួនមុខវត្តបុទុមវតី កាលពីពេលថ្មីៗនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើការកែលម្អសួនច្បារជាច្រើនកន្លែងទៀតក្នុងរាជធានីភ្នំពេញ ដែលមាន៦៨កន្លែង ស្មើនឹង៦៩ហិកតា ដោយចាប់ផ្តើមពីភូមិសាស្រ្តខណ្ឌដូនពេញមុនគេ។
លោកបន្តថា សួនច្បារ និងរមណីយដ្ឋានមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញជួសជុលកែលម្អដោយប្តូរមករៀបចំក្រាលថ្មក្រានីតរួចមកហើយ ដូចជា សួនវិមានឯករាជ្យរមណីយដ្ឋានវត្តភ្នំ សួនមាត់ទន្លមុខព្រះបរមរាជវាំង សួនមុខសក្យមុនីចេតីយ ចំណែកសួនច្បារដែលត្រៀមចាប់ផ្តើម និងកំពុងអនុវត្តន៍ មានសួនមុខវត្តបុទុមវត្តីសួនរង្វង់មូលចេនឡា និងសួនច្បារកុមារពោធិចិនតុងជាដើម ហើយក៏នៅមានសួនច្បារមួយចំនួននឹងត្រូវធ្វើការកែលម្អជាបន្តបន្ទាប់ទៀត ក្នុងបំណងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ជាពិសេសសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលធ្វើដំណើរកម្សាន្តសប្បាយ និងហាត់ប្រាណឲ្យមានខ្យល់អាកាសបរិសុទ្ធផងដែរ។
សូមបញ្ជាក់ថា សួនច្បារ មុខវត្តបុទុមវត្តី ដែលរដ្ឋបាលរាជធានីភ្នំពេញធ្វើការជួសជុលកែលម្អឡើងវិញនេះ ដោយមានការកំណត់ជាតំបន់ប្រគុំតន្ត្រី សួនកម្សាន្តរបស់កុមារ តំបន់សង់ទីម៉ង់ លំហែលកាយ ហាត់ប្រាណ និងទីកន្លែងសម្រាប់បូជាសពជាដើម៕
មតិយោបល់