កំពង់ធំៈ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសណ្តាន់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីសម្លាប់ប្រពន្ធខ្លួនឯង ហើយយកសាកសពទៅកប់ចោលនៅខាងក្រោយចម្ការស្វាយចន្ទី។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៤ និង ៣០នាទីរសៀលថ្ងៃទី១៨ ខែលមិថុនា ឆ្នាំ២០១៨ ដោយសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់អូកូត ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោយបាត់ស្ត្រីរងគ្រោះឈ្មោះ ធា អាយុ៣៨ឆ្នាំ ដែលត្រូវជាប្រពន្ធចុងរបស់ឈ្មោះ អន លឹក ភេទប្រុស អាយុ៥៣ឆ្នាំ ដែលជនរងគ្រោះបានទៅរស់នៅក្នុងចម្ការស្វាយចន្ទី នៅកើតហេតុខាងលើ។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតជាបន្ទាន់ រហូតមកដល់ព្រឹកថ្ងៃទី២០ មិថុនា ២០១៨នេះ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ក៏បានរកឃើញសាកសពឈ្មោះ ធា ត្រូវឃាតកសម្លាប់កប់ចោលនៅខាងក្រោយ ចំការស្វាយចន្ទីនោះ។ ក្រោយពីបានរកឃើញកន្លែងកប់សាកសពស្ត្រីរងគ្រោះ ទើបបន្តធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អន លឹក ត្រូវជាប្តីនាំទៅសាកសួរ។
តាមចម្លើយសារភាពជនសង្ស័យ បានឲ្យដឹងថា រូបគេពិតជាបានសម្លាប់ប្រពន្ធចុងនោះមែន ដោយរឹតកនឹងខ្សែអង្រឹងរហូត ដល់ស្លាប់ រួចយកសពទៅកប់នៅក្រោយចំការស្វាយចន្ទី។
ដោយការសម្លាប់ប្រពន្ធចុងនេះ មូលហេតុ ដោយមានការឈ្លោះប្រកែកគ្នាទាក់ទិនរឿងរ៉ាវជាច្រើននៅក្នុងគ្រួសារ បន្ទាប់ពីសួរយកចម្លើយរួចរាល់ហើយ សមត្ថកិច្ចបានកសាងសំណុំរឿង និងបាននាំជនសសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅសាលាដំបូង ចាត់ការតាមនីតិវិធី៕
មតិយោបល់