ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កម្ពុជា ថៃ សន្យាជំរុញទំហំពាណិជ្ជកម្មឲ្យកាន់តែច្រើនថែមទៀត

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ បានសន្យាគ្នាថា នឹងខិតខំជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យកាន់តែមានទំហំធំឡើងថែមទៀត តាមរយៈការតភ្ជាប់រវាងប្រជាជននិងប្រជាជន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបើកច្រកព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែទូលំទូលាយថែមទៀត សំដៅបង្កើនស្ថេរភាពនៃការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។

ក្នុងជំនួបដែលធ្វើឡើងនារសៀលថ្ងៃទី៩តុលានៅទីក្រុងបាងកក ជាទីដែលសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ មានប្រសាសន៍ថា លោកពិតជាមានការរីករាយដោយបានជួបពិភាក្សាសាជាថ្មីម្តងទៀត ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ថ្វីត្បិតរូបលោក និងសម្តេចតេជោ ធ្លាប់បានជួបគ្នាជាច្រើនលើកច្រើនសារ ក្នុងក្របខណ្ឌអន្តរជាតិ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុកថា សម្តេចគឺជាមិត្តដ៏ល្អរបស់ប្រទេសនិងប្រជាជនថៃ ហើយបានចាត់ទុកថាវត្តមានរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២នេះ គឺពិតជាមានសារៈសំខាន់បំផុត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អបអរ សាទរចំពោះជោគជ័យ នៃការធ្វើប្រជាមតិរបស់ប្រទេសថៃ ដែលបានធ្វើឡើងនាកន្លងមក។ សម្តេចតេជោនាយករដ្ឋ មន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា សម្រាប់ប្រទេសយើងទាំងពីរបញ្ហានៃការសម្រេចចិត្តរបស់ប្រជាជន គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះថាការធ្វើប្រជាមតិនិងការបោះឆ្នោត គឺផ្តើមចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ ដោយគ្មាននណាទៅបំភិតបំភ័យ ឬការបង្វិតបង្ខំនោះឡើយ។

ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នោះដែរសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសមភាគីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការពង្រឹងនិងពង្រីកការតភ្ជាប់រវាងប្រជាជននិងប្រជាជន នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរបានចាត់ទុកថា នឹងខិតខំបើកច្រកព្រំដែនអន្តរជាតិថ្មីនៃប្រទេសទាំងពីរ ឲ្យបានចេញជារូបរាងពិតប្រាកដ ដោយមិនរងចាំការបោះបង្គោលព្រំដែន ឬធ្វើឲ្យប៉ះពាល់ដល់ខ្សែបន្ទាប់ព្រំដែន ហើយការបិទឬបើកច្រកព្រំដែនមិនត្រូវធ្វើឡើងដោយឯកតោភាគី ពោលគឺការធ្វើអ្វីមួយត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរជាមុន។

ជាមួយគ្នានេះមេដឹកនាំទាំងពីរក៏បានឯកភាព ឲ្យគណៈកម្មការព្រំដែននៃប្រទេសទាំងពីរកម្ពុជា ថៃ បន្តការពិភាក្សាជាបន្តទៅទៀត បន្ទាប់ពីការអាក់ខានជួបពិភាក្សាគ្នាជាង២ឆ្នាំមកនោះ។ មេដឹកនាំទាំងពីរក៏បានសំដែងនូវការរីករាយចំពោះ ការតភ្ជាប់ផ្លូវរថភ្លើងនៃប្រទេសទាំងពីរ ដែលគ្រោងនិងប្រារព្វពិធីសម្ពោធនៅបំណាច់ឆ្នាំ២០១៦នេះ។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាកម្លាំងពលករកម្ពុជាចំនួនជាង២សែន៤ម៉ឺននាក់ ដែលកំពុងបំពេញការងារទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃ ដែលក្នុងនោះភាគីកម្ពុជាស្នើឲ្យភាគីថៃសហការជាមួយកម្ពុជា ក្នុងការផ្តល់លិខិតឆ្លងដែនដល់ពលករទាំងអស់នោះ ដើម្បីឲ្យពួកគេធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃ។ មេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រ និងការកសាងនូវ ថាមពលវារីអគ្គិសនីនៅស្ទឹងមេទឹកក្នុងខេត្តកោះកុង ដែលជាគម្រោងដ៏មានអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។

មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានសំដែងនូវការរីករាយចំពោះទំហំពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរកម្ពុជា ថៃ ដែលតួលេខបានបង្ហាញថា កាលពីឆ្នាំ២០១៤ការនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា មានទំហំ៤ពាន់២៥លានដុល្លា ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសថៃ មានទំហំ៥៨៩លានដុល្លា។ ឆ្នាំ២០១៦ការនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា មានទំហំ៤ពាន់៦៨៩លានដុល្លា ឯការនាំចេញពីកម្ពុជាទៅកាន់ប្រទេសថៃ មានទំហំ៦៣៩លានដុល្លា។ មេដឹកនាំទាំងពីរបានចាតទុកថា នេះជាទំហំពាណិជ្ជកម្មជាប់ចំណាត់ថ្នាក់ទី១ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមេដឹកនាំទាំងពីរចាត់ទុកថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលយើងគួរតែជំរុញកំណើននៃទំហំពាណិជ្ជកម្ម ឲ្យកើនដល់១៥ពាន់លានដុល្លានៅពេលដ៏ខ្លីខាងមុខ។ នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា ថៃ បានពិភាក្សាគ្នាផងដែរ ក្នុងបើកកិច្ចប្រជុំគណៈ រដ្ឋមន្រ្តី ចម្រុះនៃប្រទេសទាំងពីរកម្ពុជា ថៃ ដែលគ្រោងនឹងប្រារព្វធ្វើឡើងក្នុងប្រទេស កម្ពុជានៅឆ្នាំ២០១៧ខាងមុខ។ មេដឹក នាំនៃប្រទេសទាំងពីរកម្ពុជា ថៃ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

photo_2016-10-09_19-47-27photo_2016-10-09_19-47-30photo_2016-10-09_19-47-33photo_2016-10-09_19-47-35

មតិយោបល់