ព័ត៌មានជាតិ

រថយន្តស្ទូចបើកវ៉ាគេទៅបុករថយន្តដឹកដី ក្រឡាប់ផ្ងារជើងចាក់ដីពេញផ្លូវ!

ភ្នំពេញ: រថយន្តស្ទូចដឹកដុំក្រដាសមួយគ្រឿងបើកវ៉ាជែងគេជ្រុលទៅបុករថយន្តនីសាន់ដឹកដីពេញក្រឡាប់ផ្ងារជើងចាក់ដីពេញផ្លូវ រថយន្តស្ទូចជ្រុលទៅមុខរេឆ្វេងធ្លាក់ទឹកបឹងតាមោកសំណាងល្អមិនបណ្តាលឲ្យអ្នកបើកបរទាំង២នាក់រងរបួសនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥១ ភូមិទួលសាគរ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត3A 0043 មិនត្រូវបានស្គាល់ឈ្មោះអ្នកបើកនោះទេ។ រថយន្តដឹកដីម៉ាក នីសាន់ ពណ៌ខៀវ អត់ស្លាកលេខ បើកដោយឈ្មោះ សយ ចាន់ដារាភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពុន ខណ្ឌព្រែកព្នៅ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តនីសាន់ដឹកដីខាងលើបើកក្នុងទិសដៅពីលិចទៅកើតតាមផ្លូវ១៥១ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្ទូចខាងលើបើកបញ្ច្រាសទិសគ្នាពីកើតទៅលិចបានវ៉ាឆ្វេងរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកហើយជ្រុលទៅបុករថយន្តដឹកដីក្រឡាប់ផ្ងារជើងចាក់ដីពេញផ្លូវ រថយន្តស្ទូចខាងលើក៏ជ្រុលទៅមុខរេមកឆ្វេងដៃធ្លាក់ចូលទឹកបឹងតាមោកតែម្តង។
ប្រភពបន្តថារថយន្តទាំង២គ្រឿងខូចខាតយ៉ាងដំណំរីឯអ្នកបើកបររថយន្តទាំង២គ្រឿងមិនមានរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅរង់ចាំភាគីទាំងសងខាងចូលដោះស្រាយនៅពេលក្រោយ៕

មតិយោបល់