ព័ត៌មានជាតិ

ចាប់បញ្ជូនជនល្មើស ទៅមេព្រៃចាត់ការតាមច្បាប់

ស្ទឹងត្រែងៈ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ធ្វើការបញ្ជូនខ្លួនជនសង្ស័យជាតៃកុងរថយន្តដឹកឈើប្រណីតម្នាក់ ទៅកាន់មេព្រៃកាលពីរសៀលថ្ងៃ៣ ខែតុលា ឆ្នាំ២០១៦ នេះដើម្បីចាត់ការតាមផ្លូវច្បាប់។ បន្ទាប់ពីការបង្ក្រាបនិងចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅត្រង់ភូមិគីឡូម៉ែត្រលេខ៨សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ចំពោះការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺដោយសារតែជនសង្ស័យមានការជាប់ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើប្រណីត ចេញពីស្រុកសៀមប៉ាង ចូលមកទីរួមខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺថា ដំបូងឡើយអាវុធហត្ថផ្ទៃប្រទេស បានដេញប្រម៉ាញ់ស្ទាក់ចាប់បានរថយន្តសាំយ៉ុង ពណ៌ស១គ្រឿង ដែលដឹកឈើប្រណីតប្រភេទធ្នង់ ពេញរថយន្ត ក្រោយមកក៏បានវាយខ្នោះបុរសម្នាក់ ដែលជាតៃកុងរថយន្តនោះ រួចប្រគល់ជូនអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃដដែលនោះតែម្តងទៅ។

រថយន្តដែលអាវុធហត្ថផ្ទៃប្រទេស បង្ក្រាបបាននោះ គឺជាប្រភេទរថយន្តសាំយ៉ុងដឹកអ្នកដំណើរ ប៉ុន្តែរថយន្តនោះ ត្រូវបានគេកែច្នៃសម្រាប់ដឹកឈើរួចទៅហើយ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2N-7473។ ក្នុងនោះដែរ ឈើដែលនៅក្នុងរថយន្តនោះជាប្រភេទឈើធ្នង់ចំនួន៣២ដុំ ស្មើនឹងជាង២ម៉ែត្រគូប។ចំណែកឯជនសង្ស័យដែលអាវុធហត្ថផ្ទៃប្រទេសឃាត់ខ្លួននោះ មានឈ្មោះ កង ស៊ីម អាយុ៣៧ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី ស្នាក់នៅខេត្តត្បូងឃ្មុំ។

ក្រោយការឃាត់ និងបង្ក្រាបរួចមកអាវុធហត្ថផ្ទៃប្រទេស បានធ្វើការប្រគល់វត្ថុតាងបទល្មើសទាំងនោះ ជូនទៅមន្ត្រីជំនាញ ដើម្បីយកទៅរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

សូមបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ សកម្មភាពដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញនៅស្រុកសៀមប៉ាង នៅតែបន្តការកើតឡើងរាល់ថ្ងៃ។ ហើយការដឹកជញ្ជូនឈើចេញពីស្រុកសៀមប៉ាង មកទីរួមខេត្ត គឺត្រូវឆ្លងកាត់ទីកន្លែងសមត្ថកិច្ច និងរដ្ឋបាលព្រៃឈើជាច្រើនកន្លែងដូចជា ផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង មានលោកស្រស់ សារិនជាអ្នកគ្រប់គ្រង សង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ គឺមានលោក សួន ម៉េងលី ជាអ្នកមើលការខុសត្រូវ និងសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រែង អូរពងមាន់ មានលោកស វុទ្ធី និងលោកហ៊ុន សំអឿន ជាអ្នកកាន់កាប់នៅទីនោះប៉ុន្តែការកើតឡើងនៃបទល្មើសដឹកជញ្ជូនបទល្មើសព្រៃឈើទាំងនោះ គឺគេឃើញថាមានការចុះបង្ក្រាបតិចតួចបំផុតពីសំណាក់ អស់លោកមេព្រៃឈើទាំងអស់នោះ។ហើយភាគច្រើន គេឃើញមានតែការបង្ក្រាបពីកម្លាំងសមត្ថកិច្ចក្នុងខេត្តតែប៉ុណ្ណោះ។

ចំពោះករណីមេព្រៃខាងលើនេះត្រូវបានគេបានដាក់ការសង្ស័យថា អាចនឹងត្រូវរ៉ូវគ្នាជាមួយឈ្មួញក្នុងពីការដឹកឈើប្រណិតទាំងអស់នោះ បើពុំនោះទេបទល្មើសព្រៃឈើគឺមិនអាចមានការដឹកជញ្ជូនបានយ៉ាងរលូនដូច្នោះទេ ៕

បង្ក្រាបឈើប្រណិតបង្ក្រាបឈើប្រណិតបង្ក្រាបឈើប្រណិតបង្ក្រាបឈើប្រណិតបង្ក្រាបឈើប្រណិតបង្ក្រាបឈើប្រណិតបង្ក្រាបឈើប្រណិត

មតិយោបល់