ភ្នំពេញៈ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦វេលាម៉ោង៩ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញទៅកាន់ប៉ុស្តិ៍នគរបាលចតុមុខ វេលាម៉ោង៩ព្រឹក ដើម្បីបង់ការផាកពិន័យចំពោះកំហុសជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព នៅស្រុកស្រែអំបិល ខេត្តកោះកុង កាលពីសប្តាហ៍មុន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំទទួលបង់ពិន័យសំរាប់ខ្លួនឯងផង និងសំរាប់ប្អូនម្ចាស់ម៉ូតូផង បើទោះបីជាម៉ូតូអត់ផ្លាកលេខជា កំហុសរបស់ម្ចាស់ម៉ូតូក៏ដោយ ដើម្បីសម្រាលនូវការលំបាករបស់គាត់ និងទុកលទ្ធភាពឱ្យគាត់ទៅធ្វើផ្លាកលេខ»។
សម្តេចតេជោ បានបញ្ជាក់បន្តថា «ខ្ញុំបានដឹងជាមុនហើយថា បើទោះបីខ្ញុំសុំអភ័យទោសជាសាធារណៈហើយក៏ដោយ ក៏នគរបាលនៅតែផាកពិន័យខ្ញុំដដែល ព្រោះខ្ញុំបានសាងនូវកំហុសរួចស្រេចទៅហើយ។ ម៉្យាងទៀត អភ័យឯកសិទ្ធិសភាដែលចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតគ្មានមាត្រាណាមួយ ផ្តល់សិទ្ធិឱ្យសមាជិកសភា ឬនាយករដ្ឋមន្ត្រីរួចផុតពីការផាកពិន័យដោយនគរបាលចរាចរណ៍នោះដែរ នៅពេលដែលយើងបំពានច្បាប់ទាំងមិនពាក់មួកសុវត្ថិភាព និងទាំងទោចក្រយានយន្តគ្មានផ្លាកលេខ។
ខ្ញុំសូមកោតសរសើរដល់នគរបាលស្រុកស្រែអំបិលខេត្តកោះកុង ដែលអនុវត្តន៍ច្បាប់ដោយគ្មានការរើសអើង និងមិនខ្លាចអំណាចអ្នកធំរាប់ទាំងនាយករដ្ឋមន្ត្រីផង។ ខ្ញុំសូមអំពាវនាវដល់អ្នកគាំទ្រខ្ញុំទាំងអស់កុំថ្នាំងថ្នាក់ជាមួយ នគរបាលដែលផាកពិន័យខ្ញុំ តែផ្ទុយទៅវិញត្រូវលើកទឹកចិត្ត និងយកធ្វើជាគំរូនៃការអនុវត្តន៍ច្បាប់ទាំងអស់គ្នា »៕
មតិយោបល់