ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បានក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាកIphone 7X ហើយក៏ស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន បង្កឲ្យមានការភ្ញាកផ្អើលនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបវត្តលង្កា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យដែលចាប់បានមានឈ្មោះ ស៊ុន ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ អាយុ១៩ឆ្នាំ មុខរបរលក់បន្លែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ជនសង្ស័យដែលរត់រួចមានឈ្មោះ វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅម្តុំច្បារអំពៅ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញជនរងគ្រោះជិះកង់បីឥណ្ឌា តាមបណ្តោយផ្លូវ ព្រះសីហនុទិសដៅពីកើតទៅលិច កំពុងតែចុកទូរសព្ទIphone 7X លុះមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូឌ្រីម សង់១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ មិនចាំស្លាកលេខមកពីក្រោយ ហើយក៏ធ្វើសកម្មភាពឆក់ទូរសព្ទបានសម្រេច ក៏ត្រូវបានម្ចាស់ទាញមកវិញ បណ្តាលឲ្យដួលភ្លាមៗជនសង្ស័យដែលជាអ្នកបើកបានលើកម៉ូតូបើករត់បាត់ស្រមោល។ ជនសង្ស័យម្នាក់ដែលជាអ្នកឆក់បានងើបរត់តាមបណ្តោយផ្លូវ៥១ទិសដៅពីជើងទៅត្បូង ខណៈមកដល់ផ្លូវ២៧៨ ក៏បោះទូរសព្ទចូលក្រោមឡាន ហើយរត់ទៅមុខទៀត ទើបប្រជាពលរដ្ឋចាប់បានស្វាគមន៍ មួយដៃមួយជើងឡើងទ្រោមខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចាប់វាយខ្នោះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី១ ដើម្បីសួរនាំទើបដឹងថាឆក់នៅទឹកដីដូនពេញ។សមត្ថកិច្ចបឹងកេងកងទី១ បានប្រគល់ឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខសួរនាំបន្តនិងប្រគល់ទូរសព្ទឲ្យទៅជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញឃុំខ្លួន បណ្តោះអាសន្នរង់ចាំបញ្ជូនបន្តទៅតាមនិតិវិធីច្បាប់៕
មតិយោបល់