Post News Media ព័ត៌មានជាតិ ម៉ូតូZoomer-X...

ម៉ូតូZoomer-Xទើបតែទិញ! ជិះមិនទាន់ដល់ផ្ទះផង រថយន្តតាកូម៉ាបុកផ្ទប់ចិញ្ចើមផ្លូវ!

ភ្នំពេញ: ម៉ូតូZoomer-X មួយគ្រឿងម្ចាស់ទើបទិញថ្មី ជិះមិនទាន់ទាំងដល់ផ្ទះផង ត្រូវបានរថយន្តតាកូម៉ាមួយគ្រឿង បត់ឆ្លងផ្លូវបួងចង្កូតជ្រុលទៅបុករុញផ្ទប់នឹងខឿនមាត់ប្រឡាយទឹកស្អុយ បណ្តាលឲ្យរបួស២នាក់ និងខូចខាតម៉ូតូ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2R-2191 បើកបរដោយបុរសម្នាក់។ ចំណែកម៉ូតូរងគ្រោះ ម៉ាក Zoomer-X ពណ៌ក្រហម ស៊េរី២០១៨ ទើបតែទិញជិះមិនទាន់ដល់ផ្ទះ មិនទាន់មានពាក់ស្លាកលេខ ជិះដោយយុវជន២នាក់ មានទីលំនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រងរបួសរលាត់ដៃជើង។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុរថយន្តបង្កបើកឆ្លងផ្លូវពីត្បូងទៅជើង ក្នុងបំណងបតឆ្ពោះទៅលិច តែបួងចង្កូតជ្រុលទៅបុកម៉ូតូ បើកពីកើតទៅលិច រុញផ្ទប់នឹងខឿន មាត់ប្រឡាយទឹកស្អុយ រងរបួស២នាក់ និងខូចខាតម៉ូតូ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅ យករថយន្តនិងម៉ូតូដាក់អៀបកៀនខាង ឲ្យភាគីសងខាងសម្របសម្រួលគ្នា តែភាគីខាងរថយន្តឲបយរងចាំយូពេក សមត្ថកិច្ចវាស់វែងនាំយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរងចាំការដោះស្រាយ៕

Loading...