ព័ត៌មានជាតិ

ស៊ូយទាំងយប់ ព្រោះតែទូរស័ព្ទ១គ្រឿង បើករថយន្តបុករះដើមឈើលើសួន

​ភ្នំពេញ: ព្រោះតែខឹងនិងក្រុមចោរដែលឆ្លៀតឱកាសមកឆក់យកទូរស័ព្ទស៊េរីទំនើបមួយគ្រឿង ក៏បុរសរងគ្រោះរូបនោះ បានបើករថយន្តដេញបុក ក្រុមជនល្មើសតែមិនបានដូចបំណងនោះទេ បែរជាជ្រុលចង្កូតឡើងលើខឿនសួនច្បារបុករះបាក់អស់ដើមឈើមួយដើម និងបាក់ស្លាកសញ្ញាសម្គាល់​ផ្លូវ បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅកែងខាងលិចស្ថានទូតអាមេរិក ត្រង់ផ្លូវលេខ៩៦ កែងផ្លូវ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

​សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក​ម៉ាក តូយូតា ស៊ីណា ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E-4062 បើកដោយបុរសម្នាក់ឈ្មោះ ឃុន សុខឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ និងមានមុខរបរជាអ្នកបើករថយន្តឲ្យក្រុមហ៊ុនឯកជន។

​ដោយយោងតាមសម្តី​អ្នកបើកបររូបនោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឈប់ទិញទឹក នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ជិតធនាគារកាណាឌីយ៉ា ពេលដែលគាត់ដកប្រាក់ឲ្យអ្នកលក់ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកឈប់ក្បែរ ហើយបានលូកយកទូរស័ព្ទរបស់លោកដែលដាក់ក្នុងហោប៉ៅអាវរួចជិះគេចខ្លួន ភ្លាមៗនោះ រូបលោកបានបើករថយន្តដេញតាម តាមបណ្តោយផ្លូវលេខ៦១ ក្នុងទិសដៅពីត្បូងទៅជើង រហូតដល់ផ្លូវកែង៩៦ ម៉ូតូជនសង្ស័យបត់ឆ្វេងតាមផ្លូវលេខ៩៦ សំដៅទៅវត្តភ្នំ រីឯរូបលោកខំបួងចង្កូតបត់តាមពីក្រោយ តែដោយសារល្បឿនរថយន្តកំពុងតែលឿនទើបជ្រុលឡើងទៅលើសួនច្បារបុករះបាក់ដើមឈើមួយដើម និងស្លាកសញ្ញាសម្គាល់​ផ្លូវបាក់មួយដើមផងដែរ ។

​ប្រភពព័ត៌មានពីសន្តិសុខយាមនៅក្បែរនោះបានឲ្យដឹងថា នៅវេលាកើតហេតុគាត់បានឃើញរថយន្តបង្ក​បើកក្នុងល្បឿនលឿនដេញតាមម៉ូតូ១គ្រឿងជិះគ្នា២នាក់ព្រមទាំងបិតភ្លើងងងឹតសូន្យថែមទៀតផង ពេលមកដល់ផ្លូវបំបែក ម៉ូតូបត់ឡើងទៅវត្តភ្នំ ឯរថយន្តបត់មិនទាន់ក៏ជ្រុលឡើងសួនច្បារតែម្តងទៅ។

​ប្រភពព័ត៌មានបន្តទៀតថា ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងស្ទួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

មតិយោបល់