ភ្នំពេញៈ ក្រោយពីសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ចាប់ និងបញ្ជូនខ្លួនទៅតុលាការ តាមដីកា របស់លោក ឃី ឆៃ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ បុរសជាពាណិជ្ជករម្នាក់ត្រូវបាន តុលាការចេញដីកាសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារ រាជធានីភ្នំពេញ PJ ពាក់ព័ន្ធករណី ចេញសែកស្អុយ។
បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ រឿន សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពាណិជ្ជករ ស្រុកកំណើតភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ជនត្រូវចោទត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោកចៅក្រម ឃី ឆៃ ពាក់ព័ន្ធ បទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់៕
មតិយោបល់